ភ្នំពេញ៖ លោកឧកញ៉ា ជឹង ធាន គាត ដែលបច្ចុប្បន្នកំពុងរស់នៅក្នុងប្រទេសបារាំង បានផ្តល់អំណោយតាមរយៈសមាគមសប្បុរសធម៌កម្ពុជា – បារាំង(ACCF) ជួយដល់ជនក្រីក្រ មួយចំនួន ដែលស្ថិតនៅស្រុកព្រះស្តេច ខេត្តព្រៃវែង ដែលជួបនូវបញ្ហាលំបាក អំឡុងពេលបញ្ហាកូវីដ១៩ បានកើតឡើងនៅក្នុងប្រទេសកម្ពុជាយើង។
នៅព្រឹកថ្ងៃអាទិត្យទី ១២ ខែមេសាឆ្នាំ ២០២០ មុនពេលចូលឆ្នាំថ្មីប្រពៃណីជាតិ សមាគមសប្បុរសធម៌កម្ពុជា - បារាំង(ACCF) បានរៀបចំពីធីជូនអំណោយសប្បុរសធម៌ ដែលជាអំណោយពីលោកឧកញ៉ា ជឹង ធាន គាត CHOEUNG THEANKEAT ដល់គ្រួសារក្រីក្រចំនួន ១០គ្រួសារ ស្ថិតនៅស្នាក់ការ ACCF ក្នុងភូមិព្រៃមាស ឃុំអង្គររាជ្យ ស្រុកព្រះស្តេច ខេត្តព្រៃវែង។

លោក សុខ នីកូឡា ប្រធានសមាគមមានប្រសាសន៍ថា សមាគមបានជួយបំពេញនូវរាល់សំណូមពរ និងជួយគ្នាក្នុងគ្រាលំបាក ដើម្បីលើកកម្ពស់រក្សាទំនាក់ទំនង កិច្ចសហការជាមួយប្រជាជន ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជាឱ្យកាន់តែរីកចម្រើន និងលើកស្ទួយជីវភាពប្រជាពលរដ្ឋកម្ពុជា ឱ្យកាន់តែប្រសើរឡើងក្នុងការចូលរួមចំណែកក្នុងការងារមនុស្សធម៌។
លោកបន្ថែមថា សូមឲ្យបងប្អូនរួមគ្នាថែរក្សាសុខភាព និងអនាម័យ កុំធ្វើដំណើរចេញក្រៅស្រុកភូមិដោយមិនចាំបាច់ រួមសហការជាមួយរាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់នៃការឆ្លងរីករាលដាលវីរុសកូវីដ១៩នេះផងដែរ។
ប្រជាពលរដ្ឋក្រីក្រទាំង១០គ្រួសារដែលក្នុងមួយគ្រួសារទទួលខាងលើអង្ករ ឃីត១( មុង ក្រមា ភួយ សារុង) ទឹកបរិសុទ្ធ មីកញ្ចប់ ត្រីខ ប្រេងឆា ទឹកត្រី ទឹកស៊ីអ៊ីវ ថ្នាំម៉ូស សាប៊ូ គ្រឿងទេស និងថវិកាមួយចំនួនជាពិសេស មានម៉ាស់មួយប្រអប់ និងទឹកអាកុលសម្រាប់លាងដៃទៀតផង។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ សមាគមសប្បុរសធម៌កម្ពុជា – បារាំង(ACCF) ខាងលើក៏បានចែកនូវអំណោយដូចគ្នា ជូនដល់ ប្រជាពលរដ្ឋក្រីក្រ ចំនួន ១០គ្រួសារ ក្នុងទឹកដីស្រុកព្រះសេ្តច ខេត្តព្រៃវែង ៕












