ភ្នំពេញ៖ ក្នុងកាលៈទេសៈដែលពិភពលោក ក៏ដូចជាកម្ពុជា កំពុងមានការព្រួយបារម្ភ ចំពោះការរីករាលដាលជាសកល នៃជំងឺកូវីដ១៩នោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំពាវនាវឲ្យ បងប្អូនកម្មករជឿជាក់លើសម្ដេចចុះ អ្វីៗគ្រប់យ៉ាងគឺធ្វើដើម្បីការពារអាយុជីវិត និងការងាររបស់បងប្អូនតែប៉ុណ្ណោះ ។
ការថ្លែងលើកទឹកចិត្ត ក៏ដូចជាអំពាវនាវរបស់សម្ដេចតេជោ ធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវបទបញ្ជា និងវិធានការជាច្រើន ដើម្បីបង្ការទប់ស្កាត់ជំងឺកូវីដ១៩ ជាក់ស្ដែងដូចជា ការហាមឃាត់មិនធ្វើដំណើរឆ្លងខេត្ត ហាមជួបជុំមនុស្សច្រើន ផ្អាករៀបចំពិធីបុណ្យចូលឆ្នាំ និងឲ្យស្ថាប័នរដ្ឋ-ឯកជន ក៏ដូចជាបងប្អូនកម្មករ បន្តធ្វើការងារធម្មតាជាដើម ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់លើបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១២ មេសានេះថា «កូនក្មួយជឿលើពុកចុះ គ្រប់យ៉ាងដើម្បីអាយុជីវិត និងការងារកូនៗទាំងអស់គ្នាយើងសុខចិត្តស៊ូទ្រាំលំបាកបន្តិច ដើម្បីសេចក្តីសុខយូរអង្វែង» ។
សូមរំលឹកថា គិតត្រឹមព្រឹកថ្ងៃទី១២ មេសានេះ ក្រសួងសុខាភិបាលកម្ពុជា ព្យាបាលជាសះស្បើយ ២នាក់ សរុបកើន ៧៧នាក់ និងកំពុងសម្រាកព្យាបាល ៤៥នាក់ ខណៈអ្នកឆ្លងជំងឺកូវីដ រាប់ទាំងអ្នកជាសះស្បើយ និងកំពុងសម្រាកព្យាបាលសរុបចំនួន ១២២នាក់ ៕