ភ្នំពេញ៖ ប្រធានសម្ព័ន្ធ សហជីពចលនាកម្មករ លោក ប៉ាវ ស៊ីណា នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០នេះ បានចេញសារអំពាវនាវឲ្យ កម្មករនិយោជិតទាំងអស់ ចូលរួមអនុវត្តនូវវិធានការនានា របស់រាជរដ្ឋាភិបាល ដើម្បីបញ្ចៀសការឆ្លង និងការរីករាលដាលនៃជម្ងឺកូវីដ១៩ ដើម្បីឲ្យកម្ពុជាឆាប់ បានវិលមករកភាព ប្រក្រតីឡើងវិញ។
លោក ប៉ាវ ស៊ីណា បានសរសេរនៅលើបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុកនៅថា “សូមបងប្អូន កម្មករនិយោជិតទាំងអស់ ចូលរួមអនុវត្តនូវវិធានការនានា របស់រដ្ឋាភិបាល ដើម្បីបញ្ចៀសការឆ្លង និងការរីករាលដាលនៃជម្ងឺកូវីដ១៩ ដើម្បីឲ្យកម្ពុជាឆាប់បាន វិលមករកភាពប្រក្រតីឡើងវិញ” ។
សូមរំលឹកថា នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញបទបញ្ជា ស្ដីពីការដាក់កំហិតលើការ ធ្វើដំណើរក្នុងប្រទេស ចាប់ពីថ្ងៃទី៩ មេសា ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ ខាងមុខ ក្នុងគោលដៅបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩។ ជាមួយគ្នានោះ នាពេលថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន បានចេញអនុក្រឹត្យមួយ សម្រេចលើកពេលដោយមិនកំណត់ សម្រាប់ការឈប់សម្រាក រយៈពេល៤ថ្ងៃ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ។
ក្នុងអនុក្រឹត្យនេះក៏បញ្ជាក់ដែរថា នៅថ្ងៃទី១៣-១៦ ខែមេសា ឆ្នាំ២០២០ ដែលជាថ្ងៃឈប់ សម្រាកដើម្បីចូលឆ្នាំថ្មីប្រពៃណីខ្មែរ ក្នុងប្រតិទិនឈប់សម្រាកឆ្នាំ២០២០ មន្រ្តីរាជការ និយោជិត កម្មករ នៅកម្ពុជា ត្រូវបំពេញការងារ ដូចថ្ងៃធ្វើការធម្មតា ដោយមិនឈប់សម្រាកឡើយ ៕