ភ្នំពេញ៖ ក្នុងដំណាក់កាលប្រយុទ្ធប្រឆាំង នៃការរីករាលដាល ជំងឺឆ្លងកូវីដ១៩ (Covid-19) សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា នៅចំពោះមុខ គឺអាយុជីវិត របស់ប្រជាពលរដ្ឋ សំខាន់ខ្លាំងបំផុត ។
សម្ដេចតេជោបានសរសេរ នៅលើបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០នេះថា ថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិ គឺនឹងមកដល់នៅថ្ងៃទី១៣-១៦ មេសា ស្អែកនេះ។ បងប្អូនប្រជាពលរដ្ឋ អាចប្រារព្ធពិធីសែន ទទួលទេវតាឆ្នាំថ្មី នៅតាមគេហដ្ឋានរៀងៗខ្លួន។ ចំពោះការប្រមូលផ្តុំ មនុស្សច្រើន នៅតាមវត្តអារាម រួមទាំងកម្មវិធី កំសាន្តសប្បាយនានា នៅតាមទីធ្លាសាធារណៈ និងតាមបណ្តាវត្តទូទាំងប្រទេស គឺត្រូវបានផ្អាកសម្រាប់ឆ្នាំនេះ ដោយសារប្រទេសយើង កំពុងចូលរួមប្រយុទ្ធប្រឆាំង កម្ចាត់មេរោគឆ្លងកូវីដ-១៩ ជាមួយពិភលោក។
សម្ដេចគូសបញ្ជាក់ថា “ចំពោះមុខ គឺអាយុជីវិត របស់បងប្អូនប្រជាពលរដ្ឋ សំខាន់ខ្លាំងបំផុត ។”
សម្ដេចបន្ថែមថា ទន្ទឹមនឹងនេះ គឺមានវិធីចាំបាច់ងាយៗ មួយចំនួន ដែលពលរដ្ឋ អាចធ្វើបានដើម្បីការពារ រោគឆ្លងកូវីដ១-៩ គឺត្រូវពាក់ម៉ាស ឬក្រមា, ឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ, ទឹកអាល់កុល ឬជិលសម្លាប់មេរោគនិងបាក់តេរី, កុំនៅផ្តុំគ្នាច្រើន, កុំបម្លាស់ប្តូរទីពីកន្លែងមួយ ទៅកន្លែងមួយ ក្នុងពេលដែលមានការរីករាលដាល ឆ្លងដែលយើងមើលមិនឃើញ ដែលអាចនាំមេរោគ ពីយើងទៅគេ ឬពីគេមកយើងទាំងក្នុងពេលធ្វើដំណើរ និងក្នុងពេលស្នាក់ អាស្រ័យនៅជាដើម។
សម្ដេចបន្តថា ដោយសារជំងឺកូវីដ១៩ នេះងាយឆ្លងលឿនសាហាវពេក ទើបរាជរដ្ឋាភិបាល សម្រេចដាក់បម្រាមហាមមិនអោយ ពលរដ្ឋធ្វើដំណើរឆ្លងកាត់ ពីខេត្តមួយទៅកាន់ខេត្តមួយ និងបានលើកថ្ងៃចូលឆ្នាំខ្មែរ ២០២០ ទៅពេលក្រោយ ដែលនឹងសងជូន ថ្ងៃឈប់សម្រាក (៥) ថ្ងៃមកវិញ នៅពេលណាដែលប្រទេសជាតិ វិលត្រឡប់ មកកាន់ស្ថានភាពធម្មតា គ្មានជំងឺកូវីដ-១៩។
ជាមួយគ្នានោះផងដែរ សម្ដេចក៏បាន អរគុណមន្រ្តីរាជការ ក្រុមហ៊ុនឯកជន និងក្មួយៗកម្មករដែល ចូលរួមប្រយុទ្ឋប្រឆាំងនឹង ជំងឺឆ្លងកូវីដ១៩ ដោយបន្តធ្វើការងារជាធម្មតា នៅក្នុងកំឡុងពេល ចូលឆ្នាំនេះ។
ឆ្លៀតក្នុងឱកាសនេះ សម្ដេចសូមជូនពរបងប្អូនជនរួមជាតិ និងកូនក្មួយទាំងអស់ជួបតែសេចក្តីសុខ និងសំណាងល្អនៅក្នុងឱកាស នៃថ្ងៃបុណ្យចូលឆ្នាំខ្មែរ ២០២០។
សូមរំលឹកថា គិតត្រឹមថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ កម្ពុជាបានព្យាបាលអ្នកជំងឺកូវីដ-១៩ ជាសះស្បើយកើនដល់ចំនួន ៧៧នាក់ ស្មើរនឹង៦៣,៣៣% ក្នុងចំណោមអ្នកជំងឺសរុប ១២២នាក់ ៕