សូមពលរដ្ឋរក្សាទំលាប់ ធ្វើអនាម័យ ឲ្យបានល្អក្នុងដំណាក់កាល នៃរីករាលដាលជំងឺកូវីដ ១៩ 

0

ភ្នំពេញ៖ ក្រសួងសុខាភិបាល បន្តក្រើនរំលឹក ដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ត្រូវរក្សាទំលាប់ជាចាំបាច់ ក្នុងការធ្វើអនាម័យជាប្រចាំ ក្នុងដំណាក់កាល នៃការរីករាលដាល ពីវីរុសកូវីដ១៩ ដើម្បីសុខភាពល្អទាំងអស់គ្នា ចៀសផុតពីកូវីដ១៩នេះ។

យោងតាមសេចក្ដីជូនព័ត៌មាន របស់ក្រសួងសុខាភិបាល នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ បានឲ្យដឹងថា “ក្រសួងសុខាភិបាល សូមធ្វើការអំពាវនាវ និងក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមប្រកាន់ផ្លាស់ប្ដូរឥយាបថ ឬទំលាប់របស់ខ្លួនជាចាំបាច់ នៅក្នុងដំណាក់កាលដែលវីរុសកូវីដ១៩ ត្រូវបានរកឃើញក្នុងចំណោម ជនបរទេសជាបន្តបន្ទាប់នេះ និងអនុវត្តការដាក់ឲ្យនៅដាច់ដោយឡែកចំនួន១៤ថ្ងៃ សម្រាប់បុគ្គលចំណាក់ស្រុក ដែលបានវិលត្រឡប់មកផ្ទះសម្បែង ហើយសំខាន់ទាំងអស់នោះគឺសុខភាពយើងទាំងអស់គ្នា ចៀសផុតពីការចម្លងវីរុសកូវីដ១៩ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវតែខិតខំអនុវត្ត តាមការណែនាំ និងបទបញ្ជា ប្រកដដោយគតិបណ្ឌិតនិងឈ្លៀសវៃ របស់សម្ដេចតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងការណែនាំផ្សេងៗទៀតរបស់ក្រសួងសុខាភិបាល ឲ្យបានខ្ជាប់ខ្ជួនជាទីបំផុត”។

សេចក្ដីជូនព័ត៌មានសង្កត់ធ្ងន់ថា ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ ខាងមុខនេះ ប្រជាពលរដ្ឋកុំធ្វើដំណើរចល័តហើយត្រូវអនុវត្តនូវគម្លាតសុវត្ថិភាពនៅទីកន្លែងដែលមានមនុស្សច្រើនឲ្យបានជាប្រចាំ ដើម្បីការពារទប់ស្កាត់នូវការរីករាលដាលកូវីដ១៩នេះ ឲ្យកាន់មានប្រសិទ្ធភាពខ្ពស់។

សេចក្ដីជូនព័ត៌មាន​បញ្ជាក់ថា គិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០នេះ ស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជាមានអ្នកជាសះស្បើយ សរុបកើនដល់៧៧នាក់(ស្មើនឹង៦៣.១១% ធៀបនឹងចំនួន អ្នកមានវីរុសកូវីដ១៩ទាំងអស់) ដែលមានបុរសជនជាតិចិន១នាក់ ស្រ្តីជនជាតិអង់គ្លេង៣នាក់ បុរសជនជាតិអង់គ្លេស១នាក់ បុរសជនជាតិប៊ែលហ្សិក១នាក់ បុរសជនជាតិបារាំង១២នាក់ (ក្នុងនេះមានទារកអាយុ៤ខែ)ស្រ្តីជនជាតិបារាំង១៣នាក់ បុរសជនជាតិ ម៉ាឡេស៊ី១០នាក់ បុរសជនជាតិខ្មែរ៣២នាក់ និងស្រ្តីជនជាតិខ្មែរ៤នាក់(គិតចាប់ពីខែមករាដល់បច្ចុប្បន្ននេះ)។សម្រាប់អ្នកដែលកំពុងសម្រាកព្យាបាល នៅតាមមន្ទីរពេទ្យរដ្ឋ ទាំងថ្នាក់ជាតិនិងថ្នាក់ខេត្ត សរុបមានចំនួន៣៤នាក់ (ស្រ្តី១៨នាក់និងបុរស២៧នាក់)។រីឯអ្នកដែលបានថាមានផ្ទុកកូវីដ១៩ទាំងអស់(រាប់ទាំងអ្នកដែលបាន ព្យាបាលជាសះស្បើយ និងអ្នកដែលកំពុងព្យាបាល) នៅទូទាំងប្រទេស សរុបចំនួន១២២នាក់ (ស្រ្តី៣៤នាក់ និងបុរស៨៨នាក់)។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០នេះ កម្ពុជាបានព្យាបាល ជាសះស្បើយ អ្នកផ្ទុកកូវីដ១៩ ចំនួន២នាក់បន្ថែមទៀត លើបុរសជនជាតិ ម៉ាឡេស៊ី មានអាយុ៣៤ឆ្នាំ និងអាយុ៥៨ឆ្នាំ មកពីប្រទេសម៉ាឡេស៊ី ធ្វើការនៅស្រុកកងមាស ខេត្តកំពង់ចាម បានជាសះស្បើយ ដោយទទួលលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ១៩ចំនួន២លើក និងបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ ខេត្តកំពង់ចាមផងដែរ និងបានរកឃើញ អ្នកផ្ទុកកូវីដ១៩ ថ្មីចំនួន២នាក់បន្ថែមទៀត លើស្រ្តីជនជាតិ វៀតណាម អាយុ២៤ឆ្នាំ ជាអ្នកទេសចរ ស្នាក់នៅបន្ទប់មួយ Apartment)នៅផ្លូវលេខ ៣០២ សង្កាត់បឹងកេងកង១ រាជធានីភ្នំពេញ មានលទ្ធផលតេស្តវិជ្ជមានកូវីដ១៩ និងកំពុងសម្រាកព្យាបាល នៅមណ្ឌលសុខភាព ចាក់អង្រែក្រោម ៕