ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ញើរសារថ្លែងអំណរគុណ ដល់បងប្អូនប្រជាពលរដ្ឋ ដែលមានការយោគយល់ចំពោះ វិធានការរបស់ រាជរដ្ឋាភិបាល លើការផ្អាកមិនឲ្យ មានការធ្វើដំណើរ ឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ ក្នុងដំណាក់កាល ប្រយុទ្ធប្រឆាំងនៃការរីករាលដាល ជំងឺកូវីដ-១៩ ។
សម្ដេចតេជោ បានសរសេរលើបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០នេះថា “សូមអរគុណបងប្អូនប្រជាពលរដ្ឋ និងកូនក្មួយក្មួយដែលយោគយល់ ចំពោះការផ្អាកមិនអោយមានការធ្វើដំណើរ ពីខេត្តមួយទៅខេត្តមួយ ក្នុងពេលនេះ គឺដើម្បីសេចក្តីសុខ នឹងសុវត្ថិភាពសុខភាព ផ្ទាល់ខ្លួនផង និងដើម្បីសុវត្ថិភាពសុខភាព សម្រាប់អ្នកដទៃ និងសហគមទាំងមូល នៅក្នុងពេលដែលប្រទេសជាតិ យើងកំពុងប្រយុទ្ធប្រឆាំង នឹងជំងឺឆ្លងកូវីដ-១៩” ។
ជាមួយគ្នានេះផងដែរ សម្ដេចក៏បានបង្ហាញនូវ អារម្មណ៍សប្បាយចិត្ត ពេលដែលបានឃើញកូនក្មួយ កំពុងបន្តធ្វើការនៅក្នុងរោងចក្រ ដែលមានអនាម័យ និងសុវត្ថិភាព ស្តាប់តាមការណែនាំ របស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល ដើម្បីសុវត្ថិភាពសុខភាព ផ្ទាល់ខ្លួនឯងផង និងសុវត្ថិភាពសុខភាព សម្រាប់ឪពុកម្តាយ បងប្អូន និងក្រុមគ្រួសារទាំងមូលផង ។
សម្ដេចបន្តថា មិនមែនត្រឹមតែ រាជរដ្ឋាភិបាលប៉ុណ្ណោះទេ ដែលសប្បាយចិត្ត ជាពិសេស ឪពុកម្តាយ ក្រុមគ្រួសារ បងប្អូនក្មួយៗក៏សប្បាយចិត្តផងដែរ ព្រោះបានដឹងថា កូនក្មួយកំពុងធ្វើការនៅក្នុងកន្លែង ដែលមានសុវត្ថិភាព បំផុតមួយ ស្របពេលដែលប្រទេសជាតិ យើងកំពុងដាក់បម្រាមផ្អាក មិនអោយពលរដ្ឋធ្វើដំណើរឆ្លងកាត់ ពីខេត្តមួយទៅខេត្តមួយ ដើម្បីប្រយុទ្ធប្រឆាំងទប់ស្កាត់ ការរីករាលដាលជំងឺឆ្លងកូវីដ-១៩ ដ៏កាចសាហាវបំផុតនេះ ។
សម្ដេចបញ្ជាក់ថា «ប្រសិនបើមានអ្វីកើតឡើង គឺរាជរដ្ឋាភិបាលនឹងមើលថែក្មួយៗ ដែលប្រសើរជាងក្មួយៗ ស្តាប់តាមការអូសទាញញុះញុង របស់ជនអគតិមួយចំនួន គឺនៅពេលដែលក្មួយៗ ឆ្លងរោគបានសម្រេចហើយ គឺពួកគេមិនអាចមកជួយ អ្វីដល់រូបក្មួយៗ បានឡើយ» ។
សម្ដេច ក៏បានអរគុណ កម្មករទូទាំងប្រទេស ដែលបានជ្រើសរើសជម្រើសល្អ ហើយស្តាប់តាមការណែនាំ និងការអំពាវនាវ របស់រាជរដ្ឋាភិបាល ក្នុងការចូលរួមទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងប្រទេសជាតិយើង ។
សូមរំលឹកថា គិតត្រឹមថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០ កម្ពុជាបានព្យាបាលអ្នកជំងឺកូវីដ១៩ ជាសះស្បើយចំនួន ៧៥នាក់ស្មើរនឹង ៦២,៥០% ក្នុងចំណោមអ្នករកឃើញ វិជ្ជមានមេរោគកូវីដ-១៩ សរុបចំនួន ១២០នាក់ ៕