ក្រសួងធម្មការ ឲ្យរៀបចំកន្លែងពិនិត្យសុខភាព មុនចូលវត្តអារាម ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩

0

ភ្នំពេញ៖ ដើម្បីជាការចូលរួមចំណែក ក្នុងការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្រសួងធម្មការ និងសាសនា បានណែនាំឲ្យរៀបចំ ឲ្យមានកន្លែងពិនិត្យសុខភាព មុនពេលចូលក្នុងទីធ្លាវត្តអារាម ជាពិសេសត្រូវមានកន្លែងអនាម័យ សាប៊ូលាងដៃ ឬទឹកអាល់កុល ។

យោងសេចក្ដីណែនាំ របស់ក្រសួងធម្មការ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ បានឲ្យដឹងថា ដើម្បីចូលរួមទប់ស្កាត់ការឆ្លង រីករាលដាលនៃជំងឺកូវីដ១៩ ក្រសួងសូមដាក់ចេញវិធានការ ដូចខាងក្រោម៖

១.ចុះផ្សព្វផ្សាយរាល់សារអប់រំនានា ដែលផលិតដោយក្រសួងសុខាភិបាល និងសេចក្ដីថ្លែងព្រះរាជសារ របស់សម្ដេចព្រះសង្ឃនាយកទាំងពីរគណៈ នៃព្រះរាជាណាចក្រកម្ពុជា ឲ្យបានទូលំទូលាយ តាមរយៈការចាក់ផ្សាយឧគ្ឃោសនស័ព្ទ នៅក្នុងទីវត្តអារាមជាប់ជាប្រចាំ។

២.ចុះតាមដាន និងត្រួតពិនិត្យនៅតាមវត្តអារាមនានា ដើម្បីអនុវត្តឲ្យបាននូវអនុសាសន៍ របស់ប្រមុខរាជរដ្ឋាភិបាល។

៣.រៀបចំឲ្យមានកន្លែងពិនិត្យសុខភាព មុនពេលចូលក្នុងទីធ្លាវត្តអារាម និងក្នុងកន្លែងអនាម័យ ត្រូវមានសាប៊ូលាងដៃ ឬទឹកអាល់កុលសម្រាប់លាងដៃ សម្អាតជាប់ជានិច្ច។ ក្នុងករណីមិនអាចខានបានត្រូវពាក់ម៉ាស រក្សាគម្លាតពីគ្នាយ៉ាងតិចមួយម៉ែត្រកន្លះ និងអនុវត្តតាមវិធានការនានា ដែលក្រសួងសុខាភិបាលបានដាក់ចេញ។

និង៤.ប្រធានមន្ទីរធម្មការ និងសាសនាគ្រប់រាជធានីខេត្ត ត្រូវរាយការណ៍ជាប្រចាំថ្ងៃ មកក្រសួងតាមរយៈនាយកដ្ឋាន រដ្ឋបាលកិច្ចការទូទៅ ដែលមានលេខទូរស័ព្ទ (០១២ ៦០០ ៩៥២, ០១២ ៩១៤ ០០៩) អំពីស្ថានភាពជំងឺកូវីដ១៩ គ្រប់វត្ត ៕