ភ្នំពេញ៖ លោកបណ្ឌិត សភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋ ក៏ដូចជាបុគ្គលិកអប់រំ និងសិស្សានុសិស្សទាំអស់ ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួន ហ្មឺងម៉ាត់ជាទីបំផុតនូវសេចក្ដីណែនាំ របស់រាជរដ្ឋាភិបាល ជាពិសេសបន្តធ្វើការក្នុងឱកាសចូលឆ្នាំថ្មី មិនត្រូវធ្វើដំណើរឆ្លងស្រុក-ខេត្តឡើយ និងត្រូវចាំថា «ប្រសិន បើ យើង មិន ផ្លាស់ប្តូរ ទម្លាប់ កូវីដ នឹង ផ្លាស់ប្តូរ យើង» ។
តាមរយៈសារអំពាវនាវដែល សរសេរដោយផ្ទាល់ដៃ នៅថ្ងៃទី១០ មេសានេះ រដ្ឋមន្ត្រីក្រសួងអប់រំ បានថ្លែងថា ដើម្បីធានាសុវត្ថិភាព និងសុខភាពផ្ទាល់ខ្លួន ក្រុមគ្រួសារ និងសង្គមជាតិកម្ពុជា យើងទាំងមូល បុគ្គលិកអប់រំ និងសិស្សានុសិស្សទាំងអស់ ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួន និងហ្មឺងម៉ាត់ជាទីបំផុត នូវសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាល ជាពិសេសបន្តធ្វើការនៅក្នុងឱកាសចូលឆ្នាំថ្មី មិនត្រូវធ្វើដំណើរឆ្លងស្រុក និងឆ្លងខេត្ត ក្នុងគោលដៅកាត់ផ្ដាច់ កុំឲ្យមេរោគកូវីដ១៩ ឆ្លងរាលដាលចូលក្នុងសហគមន៍យើង ។
លោករដ្ឋមន្ត្រីក្រសួងអប់រំ ហង់ ជួន ណារ៉ុន បានលើកឡើងនូវពាក្យដាសតឿនយ៉ាងខ្លីថា «ប្រសិន បើ យើង មិន ផ្លាស់ប្តូរ ទម្លាប់ កូវីដ នឹង ផ្លាស់ប្តូរ យើង» ។
លោករដ្ឋមន្ត្រី សំណូមពរឲ្យបុគ្គលិកអប់រំ សិស្សានុសិស្ស មាតាបិតា និងអ្នកអាណាព្យាបាល ជឿជាក់លើការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដើម្បីយកជ័ជម្នះលើមេរោគកូវីដ១៩ ។
លោករដ្ឋមន្ត្រី ក៏បានបួងសួងសុំឲ្យទេវតាឆ្នាំថ្មី នាំមកនូវសុខភាពល្អ និងសុវត្ថិភាពផ្លូវកាយ និងផ្លូវចិត្តដល់បុគ្គលិកអប់រំ សិស្សានុសិស្ស និងមាតាបិតា អ្នកអាណាព្យាបាលទាំងអស់ផងដែរ ។
សូមរំលឹកថា គិតត្រឹមព្រឹកថ្ងៃទី១០ មេសានេះ ក្រសួងសុខាភិបាលកម្ពុជា ព្យាបាលអ្នកឆ្លងជំងឺកូវីដ១៩ ជាសះស្បើយចំនួន ៧២នាក់ ខណៈអ្នកកំពុងសម្រាកព្យាបាលជំងឺនេះ មានចំនួន ៤៧នាក់ ៕