ភ្នំពេញ៖ រដ្ឋាភិបាលចិន ប្ដេជ្ញានឹងបន្តផ្តល់ការគាំទ្រ និងជួយទៅតាមលទ្ធភាព ជូនដល់មិត្តកម្ពុជា តាមតម្រូវការរបស់ភាគីកម្ពុជា ក្នុងកិច្ចប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ។ នេះបើតាមការបញ្ជាក់របស់ លោក Zhao Lijian អ្នកនាំពាក្យ ក្រសួងការបរទេសចិន ដែលបង្ហោះលើហ្វេសប៊ុកស្ថានទូតចិន ។
ក្នុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃទី៨ មេសា លោក Zhao Lijian បានថ្លែងថា «ភាគីចិននឹងបន្តផ្តល់ការគាំទ្រ និងជួយទៅតាមលទ្ធភាពជូនដល់មិត្តកម្ពុជា តាមតម្រូវការរបស់ភាគីកម្ពុជា ក្នុងកិច្ចប្រយុទ្ធប្រឆាំងនឹងជំងឺវីរុស COVID-19 ដើម្បីយកជម្នះឲ្យបានក្នុងកិច្ចប្រយុទ្ធប្រឆាំង នឹងជំងឺវីរុសនេះក្នុងពេលឆាប់ៗនេះ» ។
លោកបានរៀបរាប់ថា នាថ្ងៃទី៧ មេសា ក្រុមអ្នកជំនាញវេជ្ជសាស្ត្រ ដែលជាក្រុមជំនួយរបស់ភាគីចិន ជូនចំពោះភាគីកម្ពុជា បានវិលត្រឡប់មកកាន់ប្រទេសចិនវិញ ក្រោយពីបានបញ្ចប់បេសកម្ម ក្នុងប្រទេសកម្ពុជា។ ពួកគាត់ជាក្រុមអ្នកជំនាញ ដែលត្រូវបាន ចាត់តាំងឡើងដោយ គណៈកម្មាធិការជាតិសុខាភិបាល និងសុខភាពចិន នៃតំបន់ស្វយ័តក្វាងស៊ី ប្រទេសចិន ដោយពួកគាត់បានទៅដល់ រាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែមីនា នេះគឺជាក្រុមគ្រូពេទ្យ ប្រយុទ្ធប្រឆាំង នឹងជំងឺវីរុសដំបូងគេ ដែលប្រទេសចិនបានបញ្ចូន ទៅកាន់បណ្ដាប្រទេសក្នុងអាស៊ាន ។
លោកបន្តថា អំឡុងពេលក្រុមអ្នកជំនាញ នៅក្នុងប្រទេសកម្ពុជា ពួកគាត់ជារៀងរាល់ថ្ងៃតែងធ្វើការ យ៉ាងសកម្មប្រៀបដូចកំពុងតែរត់ ប្រណាំងជាមួយនឹងជំងឺវីរុស បានចុះពិនិត្យនៅក្នុងមន្ទីរពេទ្យ សហគមន៍ អាកាសយានដ្ឋាន សណ្ឋាគារ និងឧទ្យានឧស្សាហកម្ម បានផ្ដល់មាតិយោបល់ជាច្រើន លើកជូនដល់ភាគីកម្ពុជា ចែករំលែកបទពិសោធន៍នៃ ការព្យាបាលជំងឺក្នុងស្ថានភាពធ្ងន់ធ្ងរ និងហានីភ័យនៃភាពធ្ងន់ធ្ងរ។ ក្រៅពីនេះ ពួកគាត់រៀបចំសកម្មភាព ក្នុងការផ្ដល់ជាការណែនាំ និងការជួយដែលស្តីអំពីវេជ្ជសាស្ដ្រ ជូនដល់ប្រជាជនចិន ដែលកំពុងតែរស់នៅក្នុងប្រទេសកម្ពុជា។
លោកបញ្ជាក់ថា កិច្ចការងាររបស់ក្រុមអ្នកជំនាញ វេជ្ជសាស្ត្រចិនទទួលបានការកោតសរសើរ ពីគ្រប់មជ្ឈដ្ឋាន និងតំបន់នៅក្នុងប្រទេសកម្ពុជា។ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងថា “ស្រលាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក” ក្រុមអ្នកជំនាញវេជ្ជសាស្ត្រដែលជាក្រុមជំនួយ របស់ភាគីចិនជូនចំពោះភាគីកម្ពុជា គឺជាសក្ខីភាពដ៏រស់រវើកមួយ ដែលបញ្ជាក់ឲ្យឃើញពីពាក្យ ស្លោកមួយតែងពោលថា “មានតែក្នុងកាលៈទេសៈនៃការលំបាក ទើបស្គាល់ពីមិត្តភក្តិពិតប្រាកដ” នៃប្រជាជនទាំងពីរប្រទេសរ។ មិត្តក្នុងបណ្តាញអ៊ីនធើណេត ក្នុងប្រទេសកម្ពុជាថែមទាំង យកទំនុកភ្លេងនៃបទចម្រៀង ប្រជាប្រិយចិនដែលមានចំណងជើងថា “Liu Sanjie” មកកែសម្រួលជាភាសាខ្មែរ ដោយច្រៀងថ្លែងអំណរគុណ ដោយស្មោះអស់ពីចិត្តជូនដល់ ក្រុមជំនាញវេជ្ជសាស្ត្រចិន ។
ជាចុងក្រោយអ្នកនាំពាក្យ ក្រសួងការបរទេសចិនរូបនេះ ក៏បាននិយាយពាក្យយ៉ាងខ្លីថា «តស៊ូឡើងកម្ពុជា!» ៕