Covid-19៖ ប្រមុខការពារជាតិ អំពាវនាវកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ចូលរួមឱ្យបានម៉ឺងម៉ាត់ តាមបទបញ្ជារបស់ រាជរដ្ឋាភិបាល

0

ភ្នំពេញ៖ ដើម្បីចូលរួមការពារនិងទប់ស្កាត់ នៃការររីករាលដាល នៃមេរោគ COVID-19 សម្ដេចពិជ័យសេនា តៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានអំពាវនាវកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក៏ដូចជាបងប្អូន ប្រជាពលរដ្ឋគ្រប់រូប ចូលរួមឱ្យបានម៉ឺងម៉ាត់ តាមបទបញ្ជារបស់ រាជរដ្ឋាភិបាល ក្នុងបំរាមឆ្លងកាត់ ពីស្រុកមួយទៅស្រុកមួយ និងការធ្វើដំណើរពី ខេត្តទៅខេត្តមួយទៀត ។

សម្ដេចពិជ័យសេនា បានសរសេរនៅលើបណ្ដញទំនាក់ទំនងសង្គមហ្វេស ប៊ុក នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០នេះថា “សូមកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋគ្រប់រូបចូលរួមឱ្យបានម៉ឺងម៉ាត់ ក្នុងការអនុវត្តបទបញ្ជារបស់ រាជរដ្ឋាភិបាល អំពីការដាក់កំហិតការធ្វើដំណើរ ចេញចូល និងឆ្លងកាត់រាជធានីភ្នំពេញ ការឆ្លងកាត់ពីស្រុកមួយទៅស្រុកមួយ និងការធ្វើដំណើរពីខេត្តទៅខេត្តមួយទៀត ដើម្បីការពារការរីករាលដាលនៃមេរោគ COVID-19។ ការដាក់កំហិតនេះ នឹងចាប់ផ្តើមអនុវត្តចាប់ពីម៉ោង ២៤:០០ ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ ដល់ម៉ោង ២៤:០០ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០។”

សូមរំលឹកថានៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញបទបញ្ជា ស្ដីពីការដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេស ចាប់ពីថ្ងៃទី៩ មេសា ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ ខាងមុខ ក្នុងគោលដៅបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩។

ជាមួយគ្នានេះផងដែរ នាពេលថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន បានសម្រេចចេញអនុក្រឹត្យមួយ លើកពេលដោយមិនកំណត់ សម្រាប់ការឈប់សម្រាក រយៈពេល៤ថ្ងៃ នៅក្នុងឱកាស បុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរខាងមុខនេះ។

ក្នុងអនុក្រឹត្យនេះ នៅថ្ងៃទី១៣-១៦ ខែមេសា ឆ្នាំ២០២០ ដែលជា ថ្ងៃឈប់ សម្រាកដើម្បីចូលឆ្នាំថ្មីប្រពៃណីខ្មែរ ក្នុងប្រតិទិនឈប់សម្រាកឆ្នាំ២០២០ មន្រ្តីរាជការ និយោជិត កម្មករ នៅកម្ពុជា ត្រូវបំពេញការងារ ដូចថ្ងៃធ្វើការធម្មតា ដោយមិនឈប់សម្រាកឡើយ៕