កម្មករ និងបុគ្គលិក ដែលសុំច្បាប់ទៅលេង បុណ្យចូលឆ្នាំ នឹងត្រូវដាក់នៅដាច់ដោយឡែក ១៤ថ្ងៃ

0

ភ្នំពេញ៖ លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាល វិជ្ជាជីវៈ បានថ្លែងថា កម្មកររោងចក្រសហគ្រាស និងបុគ្គលិកនៅតាមក្រុមហ៊ុនទាំងអស់ ដែលសុំច្បាប់ទៅលេងបុណ្យ ចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ នឹងត្រូវដាក់ឲ្យនៅដាច់ដោយឡែកពីគេ ១៤ថ្ងៃ ដោយគ្មានប្រាក់ឈ្នួល មុនអនុញ្ញាតឲ្យចូលធ្វើការវិញ ។

សូមរំលឹកថា កាលពីថ្ងៃទី៧ មេសា ក្រសួងការងារ បានជូនដំណឹងពីការ ពន្យារពេលឈប់សម្រាក ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដល់ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាន និងបងប្អូនកម្មករនិយោជិតទាំងអស់ ចំនួន៤ថ្ងៃ ពីថ្ងៃទី១៣-១៦ មេសា ហើយសន្យាថា នឹងសងថ្ងៃឈប់សម្រាក ៥ថ្ងៃវិញ នៅពេលសមស្របណាមួយ ។

លោក ហេង សួរ បានលើកឡើងតាមបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី៨ មេសាថា «ដើម្បីបង្ការហានិភ័យក្រោយ ពេលចូលឆ្នាំខាងមុខនេះ និងយោងទៅតាមវិធាន ចត្តាឡីស័កសុខាភិបាល សូមរដ្ឋបាល រោងចក្រ សហគ្រាស ក្រុមហ៊ុន កត់ឈ្មោះកម្មករនិយោជិត បុគ្គលិកទាំងអស់ ដែលអវត្តមានក្នុងអំឡុងពេលចូលឆ្នាំ ដើម្បីប្រគល់ជូនអាជ្ញាធរ និងដើម្បីត្រៀមធ្វើចត្តាឡីស័ក (ដាក់បងប្អូនទាំងនោះឱ្យនៅ ដាច់ដោយឡែកពីគេ) នៅតាមផ្ទះជួលរបស់គាត់ ចំនួន ១៤ថ្ងៃ ដោយគ្មានប្រាក់ឈ្នួលសិន ទើបអនុញ្ញាតឱ្យចូលធ្វើការ» ។

ក្នុងសន្និសីទព័ត៌មាន ពាក់ព័ន្ធនឹងបច្ចុប្បន្នភាពនៃជំងឺកូវីដ១៩ នៅវិមានសន្តិភាព កាលពីថ្ងៃទី៧ មេសាកន្លងទៅ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានប្រកាសផ្អាកការរៀបចំ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ប៉ុន្តែត្រូវទទួលទេវតាឆ្នាំថ្មី នៅតាមផ្ទះរៀងៗខ្លូនដូចរាល់ឆ្នាំ ចំណែកស្ថាប័នរដ្ឋ និងក្រុមហ៊ុនឯកជនវិញក៏ត្រូវបន្តធ្វើការធម្មតា ហើយរដ្ឋនឹងសងរយៈពេល ៥ថ្ងៃវិញ នៅពេលសមស្របតាមក្រោយ ៕