ពុទ្ធោ! រកឃើញពោះវៀនជ្រូក ខូចគុណភាព ប្រមាណ៥តោន នៅកៀនស្វាយ

0

ភ្នំពេញ៖ ពោះវៀនជ្រូក ខូចគុណភាព ប្រមាណជា៥តោន ត្រូវបានមន្ត្រីនៃអគ្គនាយកដ្ឋានការពារ អ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ(ក.ប.ប.) រកឃើញ នៅក្នុងឃ្លាំងគ្មានលេខមួយ ដែលស្ថិតក្នុង ភូមិជ័យឧត្តម ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

យោងតាមហ្វេសប៊ុក ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ នេះបានឲ្យដឹងថា មន្រ្តីសាខា ក.ប.ប. ខេត្តកណ្តាល ដោយមានការចូលរួម ដោយអភិបាលរងខេត្ត ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត មន្រ្តីនគរបាលប្រឆាំង បទល្មេីសសេដ្ឋកិច្ច មន្រ្តីសាខាគយ និងរដ្ឋាករ មន្រ្តីបសុព្យាបាល អាជ្ញាធរដែនដី និងអធិការស្រុក បានចុះត្រួតពិនិត្យ ផលិតផលពោះវៀនជ្រូក មានទម្ងន់ ៥តោន ដែលផ្ទុកក្នុងកុងទឺណ័រចំនួន ២ ស្តុកទុកក្នុងឃ្លាំងគ្មានលេខ ដែលស្ថិតក្នុងភូមិជ័យឧត្តម ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ការត្រួតពិនិត្យ ត្រូវបានគាំទ្រ ដោយរថយន្តពិសោធន៍ចល័ត ផ្នែកម្ហូបអាហារ របស់អគ្គនាយកដ្ឋានក.ប.ប. ផងដែល។

ក្រោយការត្រួតពិនិត្យ សមត្ថកិច្ចចម្រុះបានរកឃើញថា ទំនិញពុំមានឯកសារបញ្ជាក់ និងមានសភាពស្អុយ មានចម្លងមេរោគ ដោយសារការវេចខ្ចប់ និងទុកដាក់ពុំត្រឹមត្រូវតាមគោលការបច្ចេកទេស។ ដោយសង្កេតឃេីញថា ផលិតផលទាំងនេះ បានខូចគុណភាព ពុំអាចយកមកប្រេីប្រាស់ជាម្ហូបអាហារ សម្រាប់បរិភោគបាន សមត្ថកិច្ចចម្រុះ បានសម្រេចឃាត់ទុក ទំនិញទាំងនេះ ជាបណ្តោះអាសន្ននៅឃ្លាំង ខាងលើ ដើម្បីបំពេញបែបបទ យកទៅកំទេចចោលតាមនីតិវិធី។ ចំណែកម្ចាស់ទំនិញ ត្រូវបាននាំខ្លួន ទៅសាកសួរបន្ត នៅស្នងការដ្ឋាន នគរបាលខេត្តកណ្តាល ៕