ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានសម្រេចប្រកាស ផ្អាកមិនឲ្យរៀបចំ ពិធីជួបជុំអបអរសាទរឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅតាមបណ្តាអង្គភាពនានា ប៉ុន្តែឲ្យរៀបចំពិធីស្វាគមន៍ឆ្នាំថ្មីនេះ ជាលក្ខណៈគ្រួសាររៀងៗខ្លួនវិញ។
សម្ដេចពិជ័យសេនា បានសរសរនៅលើបណ្ដាញ ទំនាក់ទំនង សង្គមហ្វេសប៊ុក នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០នេះ ថា “ដើម្បីចូលរួមបង្ការ ការចម្លងមេរោគ COVID-19 សូមបងប្អូនកងទ័ពទាំងអស់ ផ្អាកការរៀបចំពិធី ជួបជុំអបអរសាទរឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលតែងតែបានរៀបចំជារៀងរាល់ឆ្នាំ នៅតាមបណ្តាអង្គភាពនានា។ សូមបងប្អូនរៀបចំពិធីស្វាគមន៍ឆ្នាំថ្មី ជាលក្ខណៈគ្រួសាររៀងៗខ្លួន។”
សូមរំលឹកថា ក្នុងសន្និសីទព័ត៌មានពាក់ព័ន្ធនឹងបច្ចុប្បន្នភាពនៃជំងឺកូវីដ១៩ កាលពីថ្ងៃទី៧ មេសា សម្តេចតេជោ ហ៊ុន សែន បានប្រកាសផ្អាកការប្រារព្ធ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ដើម្បីទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ១៩ ប៉ុន្តែត្រូវទទួលទេវតាឆ្នាំថ្មីនៅតាមផ្ទះរៀងៗ ខ្លូនដូចរាល់ឆ្នាំ ចំណែកស្ថាប័នរដ្ឋ និងក្រុមហ៊ុនឯកជនវិញ ក៏ត្រូវបន្តធ្វើការធម្មតា ហើយរដ្ឋនឹងសងរយៈពេល៥ថ្ងៃវិញ នៅពេលសមស្របតាមក្រោយ ៕