ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ញើរលិខិតថ្លែងអំណរគុណ ជូនទៅលោក កឹម សុខា ដែលបានបរិច្ចាក ថវិការចំនួន៥ពាន់ដុល្លារ ដល់រដ្ឋាភិបាល សម្រាប់ចំណាយលើការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ–១៩។
ក្នុងសារលិខិតបានឱ្យដឹងថា ប្រជាជនកម្ពុជា កំពុងប្រឈមនឹងហានិភ័យ ដែលបង្កឡើងដោយជំងឺកូវីដ–១៩។ សម្តេច សរសេរថា«ក្នុងស្មារតីនេះ រដ្ឋាភិបាល សូមថ្លែងអំណរគុណនិងកោតសរសើរដោយស្មោះ ចំពោះឯកឧត្តម [កឹម សុខា] ដែលបានបរិច្ចាគថវិកា៥ពាន់ដុល្លារ ជូនរដ្ឋាភិបាល សម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កាចសាហាវមួយនេះ ដែលជាកាតព្វកិច្ចការពារនិងសង្គ្រោះសុខភាពនិងជីវិតប្រជាជនកម្ពុជា»។
សម្ដេច ក៏បានជូនពរលោក កឹម សុខា និងក្រុមគ្រួសារ ឲ្យទទួលបានពុទ្ធពរទាំង៤ប្រការផងដែរ។ លិខិតរបស់ប្រមុខរដ្ឋាភិបាល គឺចុះតាំងពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០មកម្ល៉េះ តែទើបនឹង ត្រូវបានលោក មុត ចន្ថា ជំនួយការរបស់លោក កឹម សុខា យកទៅបង្ហោះលើបណ្តាញសង្គម នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០។
សូមរំលឹកថាត្រឹម ថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០២០ កម្ពុជា រកឃើញ អ្នក ឆ្លងជំងឺកូវីដ១៩ ចំនួន១១៧នាក់ ក្នុងនោះ ជាសះស្បើយ៦៣ នាក់៕