GMAC គាំទ្រសេចក្ដីសម្រេច របស់រាជរដ្ឋាភិបាល ឲ្យធ្វើការងារធម្មតា ក្នុងថ្ងៃចូលឆ្នាំថ្មី

0

ភ្នំពេញ៖ ក្រោយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានចេញអនុក្រឹត្យមួយ សម្រេចលើកពេលដោយមិនកំណត់ សម្រាប់ការឈប់សម្រាក រយៈពេល៤ថ្ងៃ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរខាងមុខនេះ សមាគមន៍កាត់ដេរកម្ពុជា (GMAC) ក៏បានចេញសារមួយចំនួនដើម្បីលើកទឹកចិត្ត និងគាំទ្រឲ្យធ្វើការងារធម្មតា ក្នុងថ្ងៃចូលឆ្នាំ ដើម្បីកាត់បន្ថយការចល័តមនុស្ស ពីតំបន់មួយ ទៅតំបន់មួយផងដែរ ។

យោងតាមហ្វេសប៊ុករបស់GMAC នៅរសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០នេះ បានសរសេរថា សូមចូលរួមប្រើប្រាស់ សារណាមួយក្នុងចំណោម សារខាងក្រោមសម្រាប់ បង្ហោះតាមបណ្តាញសង្គម របស់យើងទាំងអស់គ្នា ដើម្បីចូលរួមទប់ស្កាត់ ការរីករាយដាលនៃជំងឺកូវីដ៖

1- ខ្ញុំចូលរួមប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ ដោយមកធ្វើការធម្មតានៅថ្ងៃចូលឆ្នាំនេះ!
2- កូវីដជាជំងឺកាចសាហាវគ្មានថ្នាំព្យាបាល!
ខ្ញុំមិនប្រលែងលេងនឹងកូវីដទេ!
ខ្ញុំនឹងធ្វើការធម្មតា នៅថ្ងៃចូលឆ្នាំនេះ!
3- ទោះខ្ញុំមិនបានជួយអ្វីដល់ពេទ្យ ខ្ញុំប្តេជ្ញាមិនទម្លាក់ទម្ងន់បន្ថែមដល់ពេទ្យទេ!
ខ្ញុំនឹងធ្វើការធម្មតានៅថ្ងៃចូលឆ្នាំនេះ!
4- បើមិនបានជួយគ្រូពេទ្យ សូមកុំក្លាយខ្លួនទៅជាអ្នកជំងឺឱ្យគ្រូពេទ្យ!
5- ចង់ឈ្នះកូវីដ នាំគ្នាធ្វើការងារធម្មតាក្នុងថ្ងៃចូលឆ្នាំនេះ!
6- មានការងារ មានលុយ! ចំពោះមុខខ្ញុំធ្វើការដើម្បីលុយសិន មុនរោងចក្រព្យួរ!
7- ខ្ញុំសុំផ្អាកចូលឆ្នាំមួយឆ្នាំសិន ដើម្បីការពារជីវិតខ្ញុំ និងគ្រួសារជាទីស្រលាញ់របស់ខ្ញុំ
8- ដើម្បីប្រឆាំងកូវិដពីកម្ពុជា ផ្អាកចូលឆ្នាំមួយឆ្នាំ មានអ្វីខ្ញុំធ្វើមិនបាន!
9- បើស្រឡាញ់ឪពុកម្តាយ ជីដូនជីតា សូមនៅឲ្យឆ្ងាយពីពួកគាត់មួយរយៈសិន!
80% នៃអ្នកស្លាប់ដោយជំងឺកូវីដ ក្នុងពិភពលោកគឺជាអ្នកដែលមានអាយុច្រើន!
10- បើស្រលាញ់អ្នកផ្ទះ សូមកុំយកកូវិដចូលផ្ទះ!

សូមរំលឹកថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០នេះ បានចេញអនុក្រឹត្យមួយ សម្រេចលើកពេលដោយមិនកំណត់ សម្រាប់ការឈប់សម្រាករយៈពេល៤ថ្ងៃ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរខាងមុខនេះ។

បើតាមអនុក្រឹត្យនេះ, នៅថ្ងៃទី១៣ ទី១៤ ទី១៥ និងទី១៦ ខែមេសា ឆ្នាំ២០២០ ដែលជាថ្ងៃឈប់សម្រាកដើម្បីចូលឆ្នាំថ្មីប្រពៃណីខ្មែរ ក្នុងប្រតិទិនឈប់សម្រាកឆ្នាំ២០២០ មន្រ្តីរាជការ និយោជិត កម្មករនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបំពេញការងារដូចថ្ងៃធ្វើការធម្មតា ដោយមិនឈប់សម្រាកឡើយ។

សូមបញ្ជាក់ថា ក្នុងសន្និសីទព័ត៌មានពាក់ព័ន្ធនឹងបច្ចុប្បន្នភាពនៃជំងឺកូវីដ១៩ នៅវិមានសន្តិភាព នាថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន បានប្រកាសផ្អាកការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ប៉ុន្តែត្រូវទទួលទេវតាឆ្នាំថ្មីនៅតាមផ្ទះរៀងៗខ្លូនដូចរាល់ឆ្នាំ ចំណែកស្ថាប័នរដ្ឋ និងក្រុមហ៊ុនឯកជនវិញក៏ត្រូវបន្តធ្វើការធម្មតា ហើយរដ្ឋនឹងសងរយៈពេល៥ថ្ងៃវិញ នៅពេលសមស្របតាមក្រោយ៕