ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាល សម្រេចកាត់បន្ថយថវិកាចំនួន ៩១៨លានដុល្លារថែមទៀត ពីស្ថាប័នរដ្ឋ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីយកមកត្រៀមបម្រុងទុក សម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ។ នេះបើយោងតាមហ្វេសប៊ុក សម្ដេចតេជោ នៅថ្ងៃ៨ មេសានេះ ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ដូចបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស បានដឹងច្បាស់ហើយពីការ រីករាលដាលជំងឺឆ្លងកូវីដ១៩ នៅទូទាំងពិភពលោក ដែលធ្វើឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំង ។ ទោះបីអត្រានៃការឆ្លងជំងឺកូវីដ១៩ នៅកម្ពុជាមានកម្រិតទាប ហើយការព្យាបាលបានជា ច្រើនឡើងជារៀងរាល់ថ្ងៃក៏ពិតមែន ប៉ុន្តែជំងឺនេះគឺនៅតែជាជំងឺឆ្លង ដ៏កាចសាហាវបំផុត ។
សម្ដេចបន្ថែមថា ជាក់ស្តែង នៅជុំវិញប្រទេសយើងដូចជាប្រទេសថៃ និងវៀតណាម គឺកំពុងប្រឈមនឹងការ ឆ្លងរាលដាលយ៉ាងខ្លាំង ។ ដូច្នេះកម្ពុជាត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ ជាមួយវិធានការទប់ស្កាត់គ្រប់ជ្រុងជ្រោយ រួមទាំងការត្រៀមបម្រុងថវិកា សម្រាប់ទិញសម្ភារៈនិងបរិក្ខាពេទ្យ ព្រមទាំងស្បៀងអាហារស្តុកទុក សម្រាប់ជួយប្រជាពលរដ្ឋ ក្នុងស្ថានភាពដែលយើងមិន អាចមើលឃើញណាមួយ ។
សម្ដេចតេជោ នាយករដ្ឋមន្ត្រីបញ្ជាក់ថា «កាលពីពេលថ្មីៗនេះ តាមរយៈការរៃអង្គាសមូលនិធិពីសប្បុរសជន និងពីមន្រ្តីរាជការសម្រាប់មូលនិធិ ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ គឺបានទទួលជាង ១១លានដុល្លារអាមេរិករួចហើយ។ នៅថ្ងៃទី៧ មេសា ម្សិលមិញនេះ ខ្ញុំបានបញ្ជាក់ប្រាប់ជាសាធារណៈ អំពីការសម្រេចកាត់បន្ថយថវិកាចំនួន ៩១៨លានដុល្លារអាមេរិកថែមទៀត ពីស្ថាប័នរដ្ឋ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីយកមកត្រៀមបម្រុង សម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩» ។
សម្ដេចតេជោ ក៏បានសុំការយោគយល់ ពីស្ថាប័នជាតិគ្រប់ថ្នាក់ ទាំងថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ ដែលរាជរដ្ឋាភិបាលត្រូវបង្ខំចិត្ត កាត់បន្ថយការចំណាយពីរដង គឺលើកទី១.កាត់បន្ថយការចំណាយចំនួន ៤៤៣លានដុល្លារអាមេរិក និងលើកទី២.កាត់បន្ថយការចំណាយចំនួន ៤៧៥លានដុល្លារអាមេរិកថែមទៀត ។ បូកសរុបទាំងពីរលើកនេះគឺមានចំនួន ៩១៨លាន ដុល្លារអាមេរិក សម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ៕