ភ្នំពេញ៖ លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានថ្លែងថា ចិន-កម្ពុជា គឺជាសហគមន៍ជោគវាសនារួម ដែលមិនអាចបំបែកបាន ជាពិសេសឲ្យតែជំងឺកូវីដ១៩ មិនទាន់កម្ចាត់អស់ ពីក្នុងប្រទេសកម្ពុជា ចិននៅតែមិនបញ្ឈប់ការផ្តល់ជំនួយ វេជ្ជសាស្រ្តមកកម្ពុជានោះឡើយ ។
ក្នុងឱកាសជូនដំណើរ អ្នកជំនាញវេជ្ជសាស្រ្តចិនចំនួន ៧រូប ដែលជាក្រុមជំនួយដំបូង របស់ប្រទេសចិន ត្រឡប់ទៅកាន់ប្រទេសចិនវិញ ក្រោយពីបានបញ្ចប់ការបំពេញភារកិច្ចរួច ជាស្ថាពរក្នុងប្រទេសកម្ពុជា នាថ្ងៃទី៧ ខែមេសា លោកឯកអគ្គរដ្ឋទូតចិន បានមានប្រសាសន៍ថា ក្នុងដំណើរការជួយកម្ពុជា ក្នុងកិច្ចប្រយុទ្ធប្រឆាំងនឹងជំងឺវីរុស COVID-19 លើកនេះ ប្រទេសទាំងពីរបានជួយ និងយកអាសាគ្នាទៅវិញទៅមក។
លោកទូតបន្ថែមថា ក្រុមអ្នកជំនាញវេជ្ជសាស្រ្តចិន ដែលបានទទួលភារកិច្ចជួយកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺវីរុសលើកនេះ បានបំពេញភារកិច្ចយ៉ាងល្អឥតខ្ចោះ ដោយស្ថិតក្រោមទឹកចិត្តនៃ មិត្តភាពប្រពៃណីរវាងប្រទេសចិន និងកម្ពុជា ពួកគាត់បានបំពេញភារកិច្ច យ៉ាងយកចិត្តទុកដាក់ មិនធ្វេសប្រហែសនឹងបេសកកម្ម ពួកគាត់មិនត្រឹមតែរួមចំណែក យ៉ាងសកម្មក្នុងកិច្ចប្រយុទ្ធប្រឆាំងនឹង ជំងឺវីរុសក្នុងប្រទេសកម្ពុជានោះទេ ក៏បានកសាងគ្រឹះដ៏រឹងមាំនៃកិច្ចសហប្រតិបត្តិការ រយៈពេលវែងរវាងគ្រូពេទ្យទាំងពីរ ប្រទេសបានយ៉ាងស៊ីជម្រៅ ។
លោកទូតបញ្ជាក់ថា «ចិន និងកម្ពុជាជាសហគមន៍ជោគវាសនារួម ដែលមិនអាចបំបែកបាន ឲ្យតែជំងឺវីរុសមិនទាន់កម្ចាត់ អស់ក្នុងប្រទេសកម្ពុជា ចិននៅតែមិនបញ្ឈប់ការផ្តល់ ជំនួយវេជ្ជសាស្រ្តមកកម្ពុជានោះឡើយ» ។
ជាមួយគ្នានោះដែរលោកសាស្រ្តាចារ្យ អេង ហួត រដ្ឋលេខាធិការក្រសួងសុខាភិបាល បានលើកឡើងថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះការលះបង់ដ៏អស្ចារ្យរបស់ ក្រុមអ្នកជំនាញវេជ្ជសាស្រ្តចិន ដែលបានខិតខំកន្លងមក ។
លោកបានមានប្រសាសន៍ថា ភាគីចិនបានចាត់ក្រុមអ្នកជំនាញ ដែលជាក្រុមជំនួយមកកាន់កម្ពុជា បានយ៉ាងទាន់ពេលវេលា បានចែករំលែកបទពិសោធន៍ ដ៏មានតម្លៃក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺវីរុសមកកាន់ប្រទេសកម្ពុជា បានជួយកែលម្អប្រព័ន្ធទប់ស្កាត់នឹងជំងឺវីរុស បានផ្តល់យោបល់ក្នុងការព្យាបាល ជូនដល់អ្នកដែលផ្ទុកជំងឺវីរុស រួមចំណែកយ៉ាងសកម្ម ក្នុងការទប់ស្កាត់នឹងជំងឺ។ កម្ពុជាក៏សូមថ្លែងអំណរគុណដល់មិត្តចិន ដែលបានឈរជាមួយយើង ទាំងអស់គ្នាយ៉ាងមុតមាំ ក្នុងខណៈពេលដែលកម្ពុជា កំពុងតែជួបការលំបាក ៕