កូវីដ១៩៖ កម្ពុជាអំពាវនាវឲ្យពលរដ្ឋខ្មែរ នៅម៉ាឡេស៊ី កុំព្យាយាមរកមធ្យោបាយ ត្រឡប់មកស្រុកកំណើតវិញ

0

ភ្នំពេញ៖ ស្របពេលដែលពិភពលោក កំពុងតែមានការព្រួយបារម្ភ ចំពោះការរីករាលដាល នៃជំងឺកូវីដ១៩នោះ ស្ថានឯកអគ្គរាជទូតនៃកម្ពុជា ប្រចាំម៉ាឡេស៊ី បានអំពាវនាវជាថ្មីម្ដងទៀតដល់ ប្រជាពលរដ្ឋ ពលករ-ពលការិនី សិស្ស-និស្សិតកម្ពុជា ដែលកំពុងស្នាក់នៅ ធ្វើការ និងសិក្សានៅក្នុងម៉ាឡេស៊ី មេត្តាកុំព្យាយាមរកមធ្យោបាយ វិលត្រឡប់ទៅកម្ពុជាវិញ ក្នុងកាលៈទេសៈដែលប្រទេសកម្ពុជា កំពុងតែសកម្មក្នុងការ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ។

ការអំពាវនាវជាថ្មីរបស់ ស្ថានទូតកម្ពុជាប្រចាំម៉ាឡេស៊ី ធ្វើឡើងក្រោយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានសំណូមពរ ក៏ដូចជាស្នើសុំការយោគយល់ ពីសំណាក់ប្រជាពលរដ្ឋខ្មែរ នៅម៉ាឡេស៊ី ត្រូវមានការអត់ធ្មត់ រស់នៅកន្លែង ដែលធ្លាប់រស់នៅជាធម្មតាសិន ។

យោងតាមសេចក្ដីជូនដំណឹងរបស់ ស្ថានឯកអគ្គរាជទូតនៃកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី នៅថ្ងៃទី៧ មេសា បានបញ្ជាក់យ៉ាងដូច្នេះថា «សូមអំពាវនាវជាថ្មីម្ដងទៀត ដល់ប្រជាពលរដ្ឋ ពលករ-ពលការិនី សិស្ស-និស្សិតកម្ពុជា ដែលកំពុងស្នាក់នៅ ធ្វើការ និងសិក្សា នៅក្នុងប្រទេសម៉ាឡេស៊ី សូមមេត្តាកុំព្យាយាមរកមធ្យោបាយ វិលត្រឡប់ទៅកម្ពុជាវិញ ក្នុងអំឡុងពេលនេះ និងសូមមេត្តាអត់ធ្មត់បន្ដស្នាក់នៅ ជាបណ្ដោះអាសន្ននៅទីកន្លែងដែល ខ្លួនកំពុងស្នាក់នៅ ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួនរបស់បងប្អូន រហូតដល់មានការជូនដំណឹងជាថ្មី ពីស្ថានទូត»។

ទន្ទឹមនឹងនេះដែរ នៅក្នុងអំឡុងពេលនៃ ការអនុវត្តបទបញ្ជាត្រួត ពិនិត្យការធ្វើដំណើររបស់រដ្ឋាភិបាលម៉ាឡេស៊ី ដែលកំពុងស្ថិតនៅជាធរមានរហូតដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ ប្រជាពលរដ្ឋទាំងអស់ ត្រូវប្រកាន់ខ្ជាប់ការថែរក្សា អនាម័យផ្ទាល់ខ្លួនឲ្យបានខ្ជាប់ខ្ជន ដោយត្រូវលាងដៃនឹងសាប៊ូ ឬទឹកអាល់កុលអនាម័យឲ្យបានញឹកញាប់ សូមពាក់ម៉ាស់ការពារនៅពេលចេញក្រៅ ត្រូវរក្សាគម្លាតសុវត្ថិភាពយ៉ាង ១ម៉ែត្រ ពេលនៅក្នុងចំណោម មនុស្សនៅកន្លែងផ្សារណធារណៈ និងមិនត្រូវធ្វើដំណើរទៅទីកន្លែង ដែលអាជ្ញាធរម៉ាឡេស៊ី បានហាឃាត់ជាបណ្ដោះអាសន្ន ៕