ភ្នំពេញ៖ លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកឡើងថា កាលពីឆ្នាំ២០១៩កន្លងទៅ ក្រសួងបានធ្វើការជួសជុលប្រាសាទ ដែលមានលក្ខណៈទ្រុឌទ្រោមបានចំនួន ១៧ ប្រាសាទ។
ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “វឌ្ឍនភាពនិងទិសដោការងារបន្ត របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ” នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០ លោកឡុង ប៉ុណ្ណាស៊ីរីវត្ថ បានថ្លែងថា “យើងបានធ្វើការជួសជុល នៅពេលនេះ គឺបានប្រាសាទ ក្នុងឆ្នាំ២០១៩ បានចំនួន ១៧ប្រាសាទ នៅប្រាសាទបន្ទាយឆ្មារ ប្រាសាទថ្កោល នៅភ្នំជីសូរ្យ តាព្រហ្ម ទន្លេបាទី ប្រាសាទឯកភ្នំ ប្រាសាទបាកាន បាខែង បាខ័ន ប្រែរូប ព្រះគោ ប្រាសាទ បន្ទាយសម្រែ ប្រាសាទអកយំ ប្រាសាទព្រះខ័ន ជាដើម-ល-។ ស្ថិតនៅក្នុងដែន នៃកិច្ចការ អគ្គបេតិកភណ្ឌផង និងការងាររបស់អាជ្ញាធរអប្សរា ដែលលោកបាន រៀបចំនិងការជួសជុល ហើយការជួសជុលថែទាំ នេះទៀតសោត យើងផ្តោតទៅលើការថែទាំ ជួសជុលទៅលើផ្នែកខ្លះ នៃប្រាសាទទាំងមូល ទាំងមូលយើងមិនបានធ្វើទាំងអស់ តែម្ដងទេយើងធ្វើ តាមផ្នែកៗ ដែលប្រឈម និងគ្រោះថ្នាក់ឬផ្នែកណាខ្លះដែល បានរលំធ្លាក់” ។