សម្តេចតេជោ ហ៊ុន សែន ប្រកាសតម្លើងប្រាក់ឧបត្ថម្ភបន្ថែម ដល់ក្រុមគ្រូពេទ្យ ក្នុងពេលបំពេញការងារ ប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីដ-១៩

0

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា​នៅថ្ងៃទី ៤ មេសា  បានចេញបញ្ជាអោយ រដ្ឋមន្រ្តីក្រសួងសុខាភិបាល និង រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ ពិនិត្យបង្កើននូវប្រាក់ឧបត្ថម្ភ បំប៉នដល់ក្រុមគ្រូពេទ្យ នៅជួរមុខ ដែលកំពុងបំពេញបេសកកម្ម ពិនិត្យព្យាបាលជំងឺឆ្លងកូវីដ-១៩ បន្ថែមទៀត។នេះបើយោងតាមហ្វេសប៊ុកសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

សម្តេចតេជោនាយករដ្ឋមន្រ្តី បានបញ្ជាក់ជូន លោករដ្ឋមន្រ្តីទាំងពីររូប “ ត្រូវរៀបចំធ្វើអោយបានឆាប់ ព្រោះក្នុងរយៈពេលប៉ុន្មានខែមកនេះ គឺក្រុមគ្រូពេទ្យទាំងនោះ មិនមានឱកាសបាន នៅជិតប្រពន្ធកូនទេ នេះគឺជាការលះបង់ មួយខ្ពស់ណាស់ ដូច្នេះដើម្បីកុំអោយ បងប្អូនកូនក្មួយ ក្រុមគ្រូពេទ្យទាំងនេះ មានការពិបាកខ្វល់ចិត្ត ក្នុងការគិតគូរទៅដល់ ក្រុមគ្រួសារនៅឯផ្ទះ ហើយកាន់តែមានភាពហ្នឹងហ្នរចិត្ត និងលទ្ថភាពគ្រប់គ្រាន់ ក្នុងការបម្រើសេវាសុខភាព ជូនបងប្អូនប្រជាពលរដ្ឋ យើង”។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី តែងតែយកចិត្តទុកដាក់គិតគូពីសុខទុក្ខ និងសុវត្ថិភាពរបស់ក្រុមគ្រូពេទ្យដែលកំពុងបំពេញការងារជួរមុខប្រឆាំងនឹងជំងឺឆ្លងកូវីឌ-១៩ «ទាំងសម្ភារៈ និងបរិក្ខារពេទ្យចាំបាច់នានាសម្រាប់គ្រូពេទ្យ គឺត្រូវត្រៀមបម្រុងទុកអោយមានប្រើប្រាស់គ្រប់ៗគ្នា ហើយនេះជាការចាំបាច់ ព្រោះយើងមិនអាចអោយគ្រូពេទ្យណាម្នាក់ឆ្លងរោគព្រោះតែខ្វះការទទួលខុសត្រូវរបស់យើងនោះទេ” ៕