ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងក្នុងនាមជាប្រធានគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីឌ-១៩ នៅថ្ងៃទី ៤ ខែមេសា ឆ្នាំ២០២០ បានចេញបញ្ជាណែនាំ បន្ថែមក្នុងការដោះស្រាយ ជូនបងប្អូនកូនក្មួយពលករ ដែលបានវិលត្រឡប់មកពីប្រទេសថៃ កន្លងមកចំនួនប្រមាណ ៥ម៉ឺននាក់ ហើយដែលចំនួននេះ នឹងមានមកជាបន្តបន្ទាប់ទៀត ដែលអាចនឹងកើនទៅដល់ ៦ម៉ឺននាក់។នេះបើយោងតាមហ្វេសប៊ុក សម្ដេចតេជោ ហ៊ុន សែន។
សម្តេចតេជោ បានណែនាំទៅក្រសួងសុខាភិបាល “ត្រូវតាមដានត្រួតពិនិត្យ នៅតាមទល់ដែនអោយបានហ្មត់ចត់ ហើយក្នុងនោះត្រូវត្រៀមរៀបចំ បំពាក់សម្ភារៈបរិក្ខារពេទ្យ និងរៀបចំទីកន្លែងពិនិត្យសុខភាពអោយបានល្អដល់លករ។”
សម្ដេចបន្តថា ក្រសួងសុខាភិបាល ត្រូវធ្វើជាម្ចាស់ការលើការងារនេះ ហើយសហការជាមួយក្រុមការងារ នៅតាមព្រំដែនទាំងអស់។ ទន្ទឹមនឹងនេះ គឺត្រូវត្រៀមទិញមុង, ភួយ, កន្ទេល, ខ្នើយ, ក្រមា សម្រាប់ប្រគល់ ជូនបងប្អូនកូនក្មួយពលករ ដែលត្រូវដាក់អោយស្នាក់នៅ ដាច់ដោយឡែក បណ្តោះអាសន្នចំនួន១៤ថ្ងៃ ដូចជានៅតាមសាលារៀន តាមសហគម ឬនៅតាមលំនៅដ្ឋានជាមួយក្រុមគ្រួសារជាដើម ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ផងដែរថា “ ពេលណាបងប្អូនចាកចេញ ពីទីនោះ គឺសូមប្រគល់សំម្ភារៈ ទាំងនោះជូនទៅគាត់ យកទៅប្រើប្រាស់តែម្តង។”
ចំពោះមធ្យោបាយ សម្រាប់ដឹកជញ្ជូនបងប្អូនកូនក្មួយពលករវិញ គឺត្រូវប្រើប្រាស់រថយន្តកងទ័ពមកពីកងពលលេខ៩០ និង កងពលលេខ៩៩ ដែលត្រូវរៀបចំដាក់ដំបូលអោយបានស្រួល។
មកទល់ពេលនេះ បងប្អូនកូនក្មួយពលករទាំងអស់ដែលបានវិលត្រឡប់មកប្រទេសវិញ គឺមិនមានបង្ករហានិភ័យណាមួយនៅតាមសហគមនៅឡើយទេ។
សម្តេចតេជោ ហ៊ុន សែន បានអបអរសាទរ និងកោតសរសើរដល់ថ្នាក់ភូមិ, ថ្នាក់ឃុំ, ស្រុក និងថ្នាក់ជាតិ ដែលបានចុះជួយនៅតាមមូលដ្ឋាន ក្នុងនោះរួមទាំងការអប់រំឃោសនា ផ្សព្វផ្សាយណែនាំទប់ស្កាត់ជំងឺឆ្លងកូវីឌ-១៩ ដែលធ្វើអោយយើងគ្រប់គ្រងស្ថានការណ៍បានល្អមកទល់ពេលនេះ ៕