នាយករដ្ឋមន្រ្តី បញ្ជាឲ្យផ្អាកការនាំអង្ករ និងត្រីចេញពីកម្ពុជា

0

ភ្នំពេញ៖ ក្រៅពីស្រូវ អង្ករ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃទី ៤ មេសា បានបញ្ជាឲ្យផ្អាកការនាំត្រីចេញពីប្រទេសថែមទៀត ព្រោះពេលនេះកម្ពុជា កំពុងប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីឌ-១៩។នេះបើយោងតាមហ្វេសប៊ុក សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

ទន្ទឹមនឹងនេះ សម្តេចេតជោ ហ៊ុន សែន បានបញ្ជាអោយអាជ្ញាធរគ្រប់គ្រង នៅតាមទីផ្សារ មិនអោយមានការតម្លើងថ្លៃត្រី និងហាមឃាត់មិនអោយនាំត្រីចេញ ទៅលក់នៅក្រៅប្រទេសឡើយ នៅក្នុងស្ថានភាពដូចសព្វថ្ងៃនេះ ដើម្បីរក្សាទុកសម្រាប់ ផ្គត់ផ្គង់ តម្រូវការរបស់បងប្អូន ប្រជាពលរដ្ឋ ក្នុងប្រទេស ។

ជាមួយគ្នានេះផងដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានចាត់ចែងរោងចក្រផលិតមីក្នុងប្រទេសដើម្បីផលិតមីជូនរាជរដ្ឋាភិបាលសម្រាប់ផ្គត់ផ្គង់ជូនបងប្អូនប្រជាពលរដ្ឋដែលអត់ស្បៀងអាហារ។ ស្របជាមួយគ្នានេះដែរ សម្តេចតេជោ បានត្រៀមរៀបចំអោយរោងចក្រផលិតទឹកបរិសុទ្ធក្នុងប្រទេស ត្រៀមផលិតទឹកស្អាតដប ដើម្បីបម្រុងទុកសម្រាប់ជួយផ្គត់ផ្គង់ដោះស្រាយជូនប្រជាពលរដ្ឋ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ច្បាស់ថា ទោះបីយើងមិនទំនើបដូចប្រទេសគេ តែយើងមានវិធានការជាក់ស្តែងច្បាស់លាស់ក្នុងការចាត់ចែងដោះស្រាយបញ្ហា គឺយើងអាចស្រោចស្រង់ដោះស្រាយជូនប្រជាពលរដ្ឋយើងបាន មិនអោយធ្លាក់ទៅក្នុងការភ័យខ្លាចបាត់បង់អស់ក្តីសង្ឃឹមក្នុងជីវិតឡើយ៕