ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងក្នុងនាមប្រធានគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីឌ-១៩ កាលពីថ្ងៃទី ៤ ខែ មេសា ២០២០ បានបង្ហាញនូវផែនការយុទ្ធសាស្រ្តថ្មី បន្ថែមក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺឆ្លងកូវីឌ-១៩ ដែលក្នុងនោះ សម្តេចតេជោ បានបញ្ជាអោយបន្ថែមនូវស្តុក ម៉ាសចំនួន១០ លានម៉ាស, ខោអាវគ្រូពេទ្យចំនួន៥ពាន់កំប្ល៉េ, ម៉ាសគ្រូពេទ្យ៥០ម៉ឺន, ម៉ាសប្រភេទ N-95 ចំនួន៥ពាន់, និងទឹកអាល់កុលចំនួន ១លានលីត្រ។នេះបើយោងតាមហ្វេសប៊ុកសម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ច្បាស់ថា «នេះជាការចាំបាច់ ព្រោះយើងមិនអាចអោយគ្រូពេទ្យណាម្នាក់ ឆ្លងរោគព្រោះតែខ្វះការទទួលខុសត្រូវ របស់យើងនោះទេ។ ឥឡូវនេះខ្ញុំសូមចេញ នូវបទបញ្ជាបន្ថែម គឺយើងត្រូវមានការស្តុក បម្រុងរបស់រាជរដ្ឋាភិបាល មួយកម្រិតថែមទៀត»។
ទាំងម៉ាស, ទាំងខោអាវសម្រាប់គ្រូពេទ្យ និងទឹកអាល់កុលនៅពេលប្រើអស់ គឺត្រូវទិញឬផលិតយកមកបំពេញបន្ថែមក្នុងស្តុកភ្លាម។ ស្តុករបស់រាជរដ្ឋាភិបាល គឺរក្សានៅក្រសួងសុខាភិបាល ប៉ុន្តែនៅពេលដកយកទៅប្រើប្រាស់ គឺត្រូវដាក់សំណើទៅកាន់ប្រធានគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីឌ-១៩។
សម្តេចតេជោ ហ៊ុន សែន សូមអោយប្រជាពលរដ្ឋមានទំនុកចិត្ត មកលើវិធានការរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ជំងឺឆ្លងកូវីឌ១៩ ដែលក្នុងនោះសម្តេចប្រមុខដឹកនាំ បានបញ្ជាក់ថា កម្ពុជាជាប្រទេសក្រមែន តែមិនក្រខាងចិត្តគំនិតនោះទេ យើងចេះគ្រប់គ្រងប្រជាពលរដ្ឋយើង ដែលមកដល់ម៉ោងនេះ មិនមានអ្នកជំងឺណាម្នាក់ ទទួលមរណៈភាពទេ។
អរគុណចំពោះបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ដែលបានចូលរួមប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីឌ-១៩ ជាមួយរាជរដ្ឋាភិបាល៕