ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា មកទល់ពេលនេះ កម្ពុជាបានត្រៀមរោងចក្រផលិត សម្ភារៈប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ រួចរាល់ហើយ ក្នុងនោះមានរោងចក្រផលិតម៉ាស ដែលមានសមត្ថភាពអាចផលិតបាន ១លាន២សែនម៉ាស និងត្រៀមរោងចក្រក្នុងស្រុកមួយចំនួនទៀត សម្រាប់ផលិតទឹកអាល់កុល សម្លាប់មេរោគ សំភារៈពេទ្យដូចជា ខោ អាវ មួកជាដើម ។
តាមរយៈបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក នៅថ្ងៃទី២ មេសា សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យពលរដ្ឋកម្ពុជា មានជំនឿទុកចិត្តលើវិធានការសុខភាពសាធារណៈ របស់រាជរដ្ឋាភិបាល ។
សម្តេចតេជោ ក៏បានរំឮកពលរដ្ឋឲ្យយកចិត្តទុកដាក់ ថែរក្សាការពារអនាម័យផ្ទាល់ខ្លួន និងអនាម័យក្នុងក្រុមគ្រួសារឲ្យបានល្អ ជាពិសេសក្នុងពេលដែលកម្ពុជា កំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ។ សម្ដេចថា ពលរដ្ឋត្រូវមានជាប់តាមខ្លួននូវម៉ាស ឬក្រមា និងទឹកថ្នាំអាល់កុល ឬចឹលលាងដៃសម្លាប់មេរោគបាក់តេរី ដើម្បីការពារការឆ្លងរោគពីយើងទៅគេ នឹងពីគេមកយើង។
សម្តេចតេជោនាយករដ្ឋមន្រ្តី បញ្ជាក់ថា «មកទល់ពេលនេះកម្ពុជា បានត្រៀមរោងចក្រផលិតម៉ាសខ្លួនឯងហើយ ដែលចាប់ពីពេលនេះទៅអាចបាន ១លា២សែនម៉ាស ហើយនឹងបង្កើនសមត្ថភាព ផលិតឲ្យបានច្រើនថែមទៀត។ រាជរដ្ឋាភិបាលក៏បានត្រៀមរោងចក្រ ក្នុងស្រុកមួយទៀតសម្រាប់ផលិត ទឹកអាល់កុលសម្លាប់មេរោគ (SKD) ដែលបម្រុងសម្រាប់ជូនប្រជាពលរដ្ឋផង និងសម្រាប់ពេទ្យផង គឺជាង៥ពាន់លីត្រ ហើយនឹងបង្កើនសមត្ថភាពផលិតអោយច្រើនថែមទៀត ព្រោះយើងត្រូវការលើសពីនោះ។ ជាមួយគ្នានេះដែរ សំភារៈពេទ្យដូចជា ខោ អាវ មួក ក៏នឹងត្រូវផលិតដោយរោងចក្រក្នុងស្រុក២ គឺនៅខេត្តកំពង់ចាម និងខេត្តស្វាយរៀង ហើយសំភារៈមួយចំនួនទៀតដែលយើង ផលិតមិនបានគឺនឹងនាំមកពីក្រៅប្រទេស។ សំភារៈពេទ្យយើងមួយចំនួនធំរួមទាំងថ្នាំពេទ្យ គឺបានរៀបចូលស្តុកក្នុងឃ្លាំងរួចរាល់អស់ហើយ។ ទោះបីមានសំភារៈបរិក្ខាពេទ្យមួយចំនួន ត្រូវបាននាំចូលពីក្រៅប្រទេសពេញឃ្លាំងក្តី ក៏យើងត្រូវតែត្រៀមរោងចក្រ ក្នុងស្រុកសម្រាប់ផលិតសំភារៈ និងបរិក្ខារពេទ្យមួយចំនួនសម្រាប់ផ្គត់ផ្គង់ តម្រូវការរបស់ប្រទេសតែម្តង» ។
សម្ដេចតេជោបន្ថែមថា ក្រៅពីត្រៀមបម្រុងសំភារៈ បរិក្ខារពេទ្យរួចរាល់ហើយ គឺយើងបានត្រៀមរៀបចំស្តុកបម្រុងអង្ករ និងអំបិល និងម្ហូបចំណីមួយចំនួនទៀត អត់មានឲ្យនាំចេញទៅ លក់នៅក្រៅប្រទេសទេ ដើម្បីធានាថាពលរដ្ឋខ្មែរ នៅតែមានអង្ករ និងម្ហូបអាហារទទួលទាន ទោះបីក្នុងស្ថានភាពបែបណាក៏ដោយ។
សម្តេចតេជោ ក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ កុំឲ្យមានការតក់ស្លុតឲ្យសោះ កម្ពុជាមិនឲ្យមានសភាពស្លាប់គរជើង ដូចយើងឃើញនៅក្រៅប្រទេសនោះឡើយ។ ទន្ទឹមនឹងនេះ ក៏សូមបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ចូលរួមថែរក្សាអនាម័យឲ្យបានខ្ជាប់ខ្ជួន តាមការណែនាំរបស់ក្រសួងសុខាភិបាល ឲ្យបានត្រឹមត្រូវ និងសហការជាមួយមន្ទីរពេទ្យ ប្រសិនបើមានការសង្ស័យនៃជំងឺឆ្លងកូវីដ១៩ ៕