ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិបានបញ្ជាក់ថា ក្នុងជួរកងទ័ពមិនទាន់មានទាហានណាម្នាក់ឆ្លងជំងឺកូវីដ១៩នោះឡើយ ខណៈកងទ័ពត្រៀមអនុវត្តបទបញ្ជារាជរដ្ឋាភិបាលជានិច្ចដើម្បីចូលរួមប្រយុទ្ធនឹងជំងឺដ៏កាចសាហាវជាសាកលមួយនេះ។
ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “វឌ្ឍនភាពនិងទិសដៅការងារបន្តរបស់ក្រសួងការពារជាតិ” នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២០ នាយឧត្តមសេនីយ៍ ឈុំ សុជាតិ បញ្ជាក់ថា”មកដល់ឥឡូវនេះ យើងមិនទាន់មានកងទ័ពណា មួយទទួលបានគ្រោះថ្នាក់ដោយសារ ការឆ្លងកូវីដ១៩ទេ នេះជាមោទនៈភាពមួយនៃការគ្រប់គ្រងកងទ័ព យើងមានកម្មវិធីហ្វឹកហ្វឺន កម្មវិធីរស់នៅ និងកម្មវិធីរៀនសូត្របានល្អ តាមអង្គភាព ដូច្នេះយើងបានជៀសផុត នៃការឆ្លងកូវីដ១៩ យើងនឹងព្យាយាម ថែរក្សាបន្ថែមទៀត ដើម្បីកុំឲ្យកងទ័ពយើងណាម្នាក់កើតមានកូវីដ១៩នេះ”។
នាយឧត្តមសេនីយ៍សង្កត់ធ្ងន់ថា កងទ័ពនឹងឈរនៅជាមួយប្រជាពលរដ្ឋជានិច្ច ទោះបីជាមានបញ្ហាអ្វីមួយកើតឡើងធ្ងន់ធ្ងរ ចំពោះប្រទេសជាតិ ដោយជាក់ស្ដែងកម្ពុជា កំពុងជួបនូវការរាតត្បាតពីវីរុសកូវីដ១៩នេះ ហើយកងទ័ពបានត្រៀមខ្លួនរួចជាស្រេច ក្នុងការចូលរួមជាមួយរារដ្ឋាភិបាល ប្រយុទ្ធប្រឆាំង ជាមួយកូវីដ១៩នេះឲ្យទទួលបានភាពជោគជ័យ ដែលនេះជាសញ្ញាណមួយបញ្ជាក់ថា កងទ័ពមិនរត់ចោល រាជរដ្ឋាភិបាលនិងប្រជានកម្ពុជាឡើយ ។
ក្រសួងសុខាភិបាលនៅថ្ងៃទី២មេសានេះបានរកឃើញអ្នកឆ្លងកូវីដ១៩ ម្នាក់ទៀត សរុបកើនដល់ ១១០នាក់ ក្នុងនោះជាសះស្បើយ ៣៤នាក់៕