ភ្នំពេញ៖ ដើម្បីបង្ការនិងទប់ស្កាត់ ការរីករាលដាលនៃ ជំងឺកូវីដ១៩សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាទិញម៉ាស់ ៣លាន និងអាវគ្រូពេទ្យចំនួន ៥ពាន់សម្រាប់ដើម្បីស្ដុកទុក។
ក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី៣០ មីនានេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា «ខ្ញុំបានបញ្ជាទិញម៉ាសចំនួន ៣លាន ដែលអាចដឹកពីក្រៅមកវិញ ព្រោះនៅប្រទេសយើងអត់គ្រប់ និងសម្ភារសម្រាប់ក្រុមគ្រូពេទ្យ អាវគ្រូពេទ្យ ចំនួន៥ពាន់សម្រាប់ ដែលនឹងត្រូវដកយកពី ប្រាក់សប្បុរសជនចូលរួមនេះ។ នេះជាការបញ្ជាទិញ បន្ថែមលើអ្វីដែលក្រសួងសុខាភិបាល ស្តុកទុក ព្រោះឃើញថា យើងបញ្ចេញប្រើរាល់ថ្ងៃ»។
សូមរំលឹកថាគិតត្រឹមថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងវីរុស កូវីដ-១៩ (Covid-19) នៅក្នុងប្រទេសកម្ពុជា បានកើនឡើងដល់ ១០៧នាក់ ក្នុងនោះ អ្នកជាសះស្បើយ ក៏កើនឡើងដល់ ២៣នាក់ ផងដែរ៕