ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៩ ខែមីនានេះ បានផ្ញើរសារជាសំឡេង ដោយបានណែនាំ និងបញ្ជាអោយក្រសួងសុខាភិបាល សហការជាមួយក្រសួងយុត្តិធម៌ និងរដ្ឋបាលរាជធានីខេត្តចាត់កម្លាំង សមត្ថកិច្ចចុះបង្ក្រាបរឹបអូស ជាបន្ទាន់រាល់ឧបករណ៍វិភាគរកមេរោគកូវីដ១៩ ដែលកំពុងដាក់លក់នៅតាមអនឡាញគ្រប់រាជធានីខេត្ត ដើម្បីការពារសុខភាពនិងផលប្រយោជន៍ប្រជាពលរដ្ឋ។
សម្តេចតេជោនាយករដ្ឋមន្រ្តី បានអះអាងថា មកដល់ពេលនេះលែងជាដំណាក់កាល អប់រំទៀតហើយ គឺចុះចាប់តែម្តង កុំអោយអ្នករកស៊ីមិនត្រឹមត្រូវទាំងនោះបង្ក ការភាន់ច្រឡំដល់ប្រជាពលរដ្ឋ ពិសេសទប់ស្កាត់កុំអោយ ប្រជាពលរដ្ឋរងគ្រោះដោយជម្ងឺរាតត្បាតកូវីដ១៩នេះហើយ គឺរងគ្រោះដោយសារកត្តាមនុស្សតទៅទៀត។
សម្តេចតេជោបញ្ជាក់ថា ប៉ុន្មានថ្ងៃមកនេះកាន់តែ រីករាលដាល់ដោយមានគណនេយ្យហ្វេសប៊ុក ជាច្រើនបានផ្សព្វផ្សាយលក់ឧបករណ៍ដើម្បីវិភាគរក មេរោគកូវីដ១៩ នៅតាមបណ្តាញសង្គម ដែលជាផលិតផលក្លែងក្លាយ គ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក។
ជាចុងក្រោយនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានបញ្ជារអោយកម្លាំងសមត្ថកិច្ច នៅគ្រប់ច្រកព្រំដែនទាំងអស់ត្រូវបង្កើនការត្រួតពិនិត្យ ទប់ស្កាត់កុំអោយឧបករណ៍នេះចរាចរណ៍ចូលមក ក្នុងប្រទេសកម្ពុជាតទៅទៀត។
សូមបញ្ជាក់ថានៅក្នុងសេចក្តីប្រកាសកាលពីព្រឹកថ្ងៃទី២៩ខែមីនាក្រសួងសុខាភិបាលបានអំពាវនាវដល់ប្រជាពលរដ្ឋមិនត្រូវប្រើប្រាស់ឧបករណ៍ធ្វើតេស្តរហ័សរកមេរោគកូវីដ១៩ដោយខ្លួនឯងនោះឡើយ។
ក្រសួងបានបញ្ជាក់ថា បច្ចុប្បន្នមានការផលិត ឧបករណ៍ធ្វើតេស្តរហ័សច្រើន តែរហូតដល់ពេលនេះ នៅមិនទាន់មានឧបករណ៍ធ្វើតេស្តរហ័សរកមេរោគកូវីដ១៩ ប្រភេទណាមួយដែលមានការបញ្ជាក់ទទួលស្គាល់ ពីអង្គការសុខភាពពិភពលោក នូវភាពត្រឹមត្រូវនិងប្រសិទ្ធភាពនៅឡើយទេ។
ក្រសួងសុខាភិបាលបានបញ្ជាក់ថា ប្រសិទ្ធភាពនៃការធ្វើតេស្តរហ័សបែបនេះគឺ នៅទាបណាស់ហើយក៏ មានការចេញលទ្ធផលមកមិនច្បាស់លាស់ ច្រើនណាស់ដែរ ដូចជាអ្នកដែលមិនមានមេរោគ បែរទៅជាមានលទ្ធផលវិជ្ជមាន ។រីឯអ្នកមានមេរោគ បែរទៅជាមានលទ្ធផលអវិជ្ជមានទៅវិញ។
ក្រសួងសុខាភិបាលបានឱ្យដឹងថា មានតែវិទ្យាស្ថានជាតិស្រាវជ្រាវសាធារណៈ និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាដែលកំពុងប្រតិបត្តិការតាមបច្ចេកទេស និងគោលការណ៍ប្រតិបត្តិស្តង់ដាររបស់អង្គការសុខាភាពពិភពលោក ដែលមានការចេញលទ្ធផលទទួលស្គាល់ត្រឹមត្រូវ។
ក្រសួងសុខាភិបាលបានព្រមានថា ជនដែលប្រើឧបករណ៍សម្រាប់តេស្តរហ័ស រកមេរោគកូវីដ១៩ មកផ្សព្វផ្សាយនិងលក់ជាសាធារណៈដោយគ្មានការអនុញ្ញាត ពីក្រសួងសុខាភិបាលនឹងត្រូវផ្តន្ទាទោស តាមផ្លូវច្បាប់ជាធរមាន។
ក្រសួងក៏បានអំពាវនាវដល់ អាជ្ញាធរពាក់ព័ន្ធចូលរួម ចាត់វិធានការតាមផ្លូវច្បាប់ ជាធរមានយ៉ាងម៉ឺងម៉ាត់ជាទីបំផុត ចំពោះបុគ្គល ឬក្រុមហ៊ុនណា ដែលផ្សព្វផ្សាយឧបករណ៍ធ្វើតេស្តរហ័សរកមេរោគកូវីដ១៩ ដោយមិនមានការអនុញ្ញាតពីក្រសួងសុខាភិបាល។
គិតត្រឹមថ្ងៃទី២៩ ខែមីនានេះ ចំនួនអ្នកឆ្លងវីរុស Covid-19 នៅកម្ពុជា មានសរុបចំនួន ១០៣នាក់ ក្នុងនោះអ្នកជាសះស្បើយ មានសរុបចំនួន ២១នាក់ ៕