ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម នឹងសហការជាមួយ ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ ចុះស្រាវជ្រាវ ត្រួតពិនិត្យ គុណភាព សុវត្ថិភាព និងថ្លៃទំនិញ ព្រមទាំងអនុវត្តនូវវិធានការតាមផ្លូវច្បាប់ ក្នុងករណីរកឃើញជនខិលខូច ដែលឆ្លៀតឱកាសលក់ឡើងថ្លៃ កេងចំណេញហួសហេតុ នូវទំនិញដូចជាម៉ាស់ការពារមុខ អាល់កុលលាងដៃ ចាហួយជាតិអាល់កុលលាងដៃ ឧបករណ៍ស្ទង់កំដៅ និងគ្រឿងឧបភោគ បរិភោគចាំបាច់ សម្រាប់ប្រើប្រាស់ប្រចាំថ្លៃ លើទីផ្សារទូទាំងប្រទេស ។
យោងតាមសេចក្តីអំពាវនាវ ស្តីពីការរក្សាថ្លៃទំនិញ លើទីផ្សារ ក្នុងព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៧ មីនា បានឲ្យដឹងថា ក្នុងកាលៈទេសៈ ដែលប្រទេសជាតិ កំពុងប្រយុទ្ធប្រឆាំង នឹងជំងឺរាតត្បាត Covid19 ក្រសួងបានសង្កេតឃើញថា ម្ចាស់ហាងលក់ទំនិញ អាជីវករ និងអ្នកលក់ដូរទំនិញ តាមប្រព័ន្ធអ៊ីនធើណែត (Online) មួយចំនួន បានឆ្លៀតឱកាសលក់ដំឡើងថ្លៃទំនិញ ដូចជា ម៉ាស់ការពារមុខ អាល់កុលលាងដៃ ចាហួយជាតិអាល់កុលលាងដៃ ឧបករណ៍ស្ទង់កំដៅ និងគ្រឿងឧបភោគ បរិភោគចាំបាច់ សម្រាប់ប្រើប្រាស់ប្រចាំថ្លៃ លើទីផ្សារទូទាំងប្រទេស ដែលសកម្មភាពទាំងនេះ អាចបង្កអោយមានផលប៉ះពាល់ ដល់សន្តិសុខសង្គមធ្ងន់ធ្ងរ ។
ក្រសួងពាណិជ្ជកម្មបញ្ជាក់ថា «ក្រសួងនឹងចាត់មន្ត្រីជំនាញ ចូលរួមសហការជាមួយស្ថាប័ន មានសមត្ថកិច្ចពាក់ព័ន្ធ ចុះស្រាវជ្រាវ ត្រួតពិនិត្យ គុណភាព សុវត្ថិភាព និងថ្លៃទំនិញ ព្រមទាំងអនុវត្តនូវវិធានការតាមផ្លូវច្បាប់ ក្នុងករណីរកឃើញជនខិលខូច ដែលឆ្លៀតឱកាសលក់ទំនិញឡើងថ្លៃ កេងចំណេញហួសហេតុ» ។
ក្រសួង ក៏បានអំពាវនាវ ដល់សាធារណៈជន ត្រូវរក្សាភាពហ្នឹងនរ កុំជ្រួលច្របល់ហួតហេតុ និងឲ្យម្ចាស់ហាងលក់ទំនិញ អាជីវករ អ្នកលក់ Online ប្រកាន់ខ្ជាប់នូវស្មារតីសាមគ្គីជាតិខ្មែរ កុំឆ្លៀតឱកាសលក់ទំនិញដំឡើងថ្លៃ កេញចំណេញហួសហេតុ ជាពិសេសត្រូវបិទស្លាកថ្លៃ ជាប្រាក់រៀលលើមុខទំនិញ ដែលចរាចរលើទីផ្សារ សំដៅធានាបាននូវ យន្តការសេដ្ឋកិច្ចទីផ្សារសេរី ៕