ឧបករណ៍តេស្តរកកូវីដ១៩ ជាជំនួយពីមូលនិធិ Alibaba និង Jack Ma បានមកដល់កម្ពុជាហើយ

0

ភ្នំពេញ៖ ឧបករណ៍តេស្តពិនិត្យរកវីរុស COVID-19 ចំនួន ២ម៉ឺនឈុត ពីមូលនិធិ Alibaba និងមូលនិធិរបស់មហាសេដ្ឋីចិន លោក Jack Ma ដែលជាជំនួយឧបត្ថម្ភដល់កម្ពុជា ត្រូវបានប្រគល់ជូន ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០នេះ ។

ពិធីប្រគល់-ទទួលកញ្ចប់តេស្តពិនិត្យរកវីរុសកូរ៉ូណាថ្មី (COVID-19) ចំនួន ២ម៉ឺនឈុត សម្រាប់បម្រើឱការការពារ ការឆ្លើយតបការរាតត្បាតនៃជំងឺកូវីដ១៩ ជាអំណោយរបស់មូលនិធិ Alibaba និងមូលនិធិ Jack Ma នេះ បានធ្វើឡើងក្រោមអធិបតីភាព រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកសាស្ត្រាចារ្យ ម៉ម ប៊ុន ហេង និងលោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។

សូមរំលឹកថា គិតត្រឹមព្រឹកថ្ងៃទី២៨ មីនានេះ ក្រសួងសុខាភិបាលកម្ពុជា រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន ៤នាក់បន្ថែមទៀត ធ្វើឲ្យអ្នកឆ្លងជំងឺកូវីដ១៩ នៅកម្ពុជា ឡើងដល់ ១០២នាក់ ក្នងនោះអ្នកជាសះស្បើយ ១៣នាក់ ។ អ្នកជំងឺកូវីដ១៩ ចំនួន ៨៩នាក់ កំពុងព្យាបាលនៅកម្ពុជា ក្នុងនោះមានស្រ្តី ២៦នាក់ និងបុរស ៦៣នាក់ នៅតាមបណ្តាមន្ទីរពេទ្យរដ្ឋរាជធានីខេត្ត ៕