លោក ពេជ្រ ស្រស់ ប្រកាសជំទាស់យ៉ាងដាច់អហង្ការ ចំពោះការយកជនបរទេស មានកូវីដ១៩ ពីក្រៅប្រទេស មកព្យាបាលនៅស្រុកខ្មែរ

0

ភ្នំពេញ៖ ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ បានប្រកាសជំទាស់យ៉ាងដាច់អហង្ការ ចំពោះការទទួលយកជនបរទេស ដែលផ្ទុកជំងឺកូវីដ១៩ ពីក្រៅប្រទេសមកព្យាបាលដោយឥតគិតថ្លៃនៅក្នុងប្រទេសកម្ពុជា ។

ការប្រកាសជំទាស់ របស់មេបក្សយុវជនកម្ពុជា ធ្វើឡើងបន្ទាប់ពីជនជាតិឥណ្ឌូនេស៊ី ២នាក់ ដែលតេស្តរកឃើញជំងឺកូវីដ១៩ នៅក្នុងប្រទេសថៃ គ្មានថវិកាសម្រាប់បង់ថ្លៃការព្យាបាលនោះ បានរត់មកឲ្យរាជរដ្ឋាភិបាលកម្ពុជា ជួយព្យាបាលពួកគាត់ ឲ្យជាសះស្បើយពីជំងឺនេះ ។

លោក ពេជ្រ ស្រស់ បានថ្លែងតាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២៧ មីនានេះថា «បើយកចិត្តធម៌មានលើជនបរទេសនេះ មកសាបព្រួសលើជនជាតិខ្មែរ ដែលជំពាក់ធនាគារវិញ គឺ មិនដឹងថាពួកគាត់រីករាយ និង ថ្លែងអំណរគុណដល់រដ្ឋាភិបាលប៉ុណ្ណាទេ មិន ចាំបាច់សងបំណុលជំនួស ពលរដ្ឋទេសុំតែពន្យារពេលការបងបំណុលមួយ រយៈពេលខ្លីទៅ គឺវាគ្រប់គ្រាន់ពេកហើយ ក្នុងកាលៈទេសៈនេះ ។ ហើយការទទួលយកបរទេសមាន ផ្ទុកនូវមេរោគ COVID-19 មកពីក្រៅប្រទេស ហើយព្យាបាលមិនគិតថ្លៃនេះ គឺរូបខ្ញុំផ្ទាល់សុំជំទាស់ដាច់អហង្ការតែម្តង  ដោយហេតុថាគួរប្រទេសដែលទទួល ឲ្យជនបរទេសនោះចូលទៅកំសាន្តនៅ ក្នុងប្រទេសរបស់ខ្លួន ជាអ្នកទទួលខុសត្រូវទាំងស្រុង ដោយសារតែជនបរទេសនោះ បានបង់នូវសេវាផ្សេងៗដល់ប្រទេសនោះ ក៏ដូចជាបានចំណាយផ្សេងៗផងដែរ» ។ 

តាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល កាលពីយប់ថ្ងៃទី២៧ មីនា បានឲ្យដឹងថា បុរសជនជាតិឥណ្ជូនេស៊ី អាយុ ៤១ឆ្នាំ និងអាយុ ៤៤ឆ្នាំ ដែលគ្រូពេទ្យថៃ ធ្វើតេស្តរកឃើញជំងឺកូវីដ១៩ ហើយរត់មកឲ្យកម្ពុជាជួយនោះ ត្រូវបានក្រសួងដាក់ឲ្យនៅព្យាបាល នៅមន្ទីរពេទ្យខេត្តសៀមរាប រួចរាល់ហើយ ។

ក្រសួងសុខាភិបាលរៀបរាប់ថា បុរសជនជាតិឥណ្ឌូនេស៊ីទាំង ២នាក់នេះ បានធ្វើតេស្តនៅមន្ទីរពេទ្យផាយ៉ាថៃ ទីក្រុងបាងកក ឃើញវិជ្ជមានវីរុសកូវីដ១៩ ដោយសារសាមីខ្លួនមិនមាន ថវិកាបង់ថ្លៃពេទ្យនៅទីនោះ ពួកគាត់ក៏បានធ្វើដំណើរ មកព្យាបាលនៅប្រទេសកម្ពុជា ហើយក្រុមការងាររបស់មន្ទីរសុខាភិបាលខេត្តសៀមរាប បានយកវត្ថុសំណាករបស់ បុគ្គលទាំងពីរនាក់ខាងលើ ទៅធ្វើវិភាគនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ទទួលបានលទ្ធផល វិជ្ជមានវីរុសកូវីដ១៩ ។

សូមរំលឹកថា គិតត្រឹមយប់ថ្ងៃទី២៦ មីនា ក្រសួងសុខាភិបាលបានរកឃើញ អ្នកឆ្លងកូវីដ១៩ សរុបចំនួន ៩៨នាក់ (ស្រី២៥នាក់ ប្រុស៧៣នាក់) ក្នុងមានចំនួន ១១នាក់ ដែលបានជាសះស្បើយ (មិនរាប់បញ្ចូលជនជាតិស៊ុយអែតម្នាក់ ដែលបានចាកចេញពីកម្ពុជា ដោយគាត់មិននៅរង់ចាំទទួលលទ្ធផលតេស្ត) ៕