ភ្នំពេញ៖ យោងតាមគេហទំព័រហ្វេសប៊ុក របស់ស្ថានទូតចិនប្រចាំកម្ពុជា បានឲ្យដឹងថាអ្នកនាំពាក្យ ស្ថានទូតចិនប្រចាំកម្ពុជា ឆ្លើយតបជាមួយនឹងសំណួរ របស់សារព័ត៌មាន ដែលទាក់ទងនឹងស្ថានភាពជំងឺវីរុស COVID-19 ដែលមានសំណួរចម្លើយមួយចំនួន ដូចខាងក្រោម៖
១, អ្នកសារព័ត៌មានបានលើកឡើងថា តាមការរាយការណ៍ពីស្ថានប័នពាក់ព័ន្ធ នៃខេត្តជាំងស៊ី ប្រទេសចិនបានឲ្យដឹងថា នាថ្ងៃទី២៥ ខែមីនា លើយន្តហោះដែលមានជើងហោះហើរលេខQD704ពីខេត្តព្រះសីហនុ ប្រទេសកម្ពុជា ទៅកាន់ទីក្រុងណានឆាង ប្រទេសចិនបានរកឃើញអ្នកដំណើរដែលមានអាការៈក្តៅខ្លួន ក្អក ឈឺបំពង់ក រាករូស និងអាការៈផ្សេងទៀតចំនួន១៥នាក់ តើអ្នកដំណើរទាំងអស់នោះមានស្ថានភាពយ៉ាងដូចម្តេចហើយ ត្រូវបានរកឃើញថាមានផ្ទុកជម្ងឺវីរុស COVID-19 ឬមិនមានទេ?
ឆ្លើយ៖ តាមការរាយការណ៍របស់ស្ថាប័នជាប់ពាក់ព័ន្ធបានឲ្យដឹងថា មន្ទីរពេទ្យទី១នៃទីក្រុងណានឆាង ខេត្តជាំងស៊ី ប្រទេសចិនបានធ្វើការពិនិត្យជំហានដំបូងជូនដល់អ្នកដំណើរទាំង១៥នាក់នាពេលល្ងាចថ្ងៃទី២៥ ខែមីនា ទន្ទឹមនឹងនេះក៏បានពិនិត្យតាមសារធាតុNucleic acid តេស្តរកជម្ងឺវីរុស(Detection Reagent) និងតាមCTនៅផ្នែកទ្រូងផងដែរ។ នាព្រឹកថ្ងៃទី២៦ ខែមីនា លទ្ធផលតាមសារធាតុNucleic acidតេស្តរកវីរុស បានបង្ហាញឲ្យឃើញថាមានភាពអវិជ្ជមាន ហើយក្នុងCTនៃផ្នែកទ្រូងក៏ពុំបានបង្ហាញឲ្យឃើញពីជម្ងឺវីរុសនេះផងដែរ យើងអាចនិយាយបានថា អ្នកដំណើរទាំងនេះពុំមានផ្ទុកជម្ងឺវីរុសCOVID-19ជាបណ្តោះអាសន្ន។
២, អ្នកសារព័ត៌មានបានលើកឡើងថា នាថ្ងៃទី២៤ ខែមីនា ជនជាតិចិនចំនួន១៧៤រូបដែលបានធ្វើដំណើរពីប្រទេសហ្វីលីពីនមកកាន់រាជធានីភ្នំពេញ និងបានបន្តដំណើរតាមរថយន្តក្រុងទៅកាន់ក្រុងបាវិត នៃខេត្តស្វាយរៀង ក្នុងនោះមានអ្នកដំណើរចំនួន៣រូបដែលមានអាការៈក្តៅខ្លួន មន្រ្តីប៉ូលីសភាគីកម្ពុជាបានធ្វើការខណ្ឌឲ្យរស់នៅដាច់ដោយឡែក ក៏មានមិត្តបណ្តាញសង្គមលើកឡើងថាពួកគេជាអ្នកលេងល្បែងភ្នាល់គ្នាលើប្រព័ន្ធអ៊ីធើណេត តើលោកមានមតិយ៉ាងដូចម្តេចដែរចំពោះបញ្ហានេះ?
ឆ្លើយ៖ ស្ថានទូតចិនប្រចាំកម្ពុជាយកចិត្តទុកដាក់ខ្ពស់ចំពោះបញ្ហានេះ។ បច្ចុប្បន្ននេះ ស្ថានភាពទប់ស្កាត់នឹងជម្ងឺវីរុសCOVID-19ក្នុងប្រទេសកម្ពុជាមានការរឹតបន្តឹង យើងខ្ញុំគាំទ្រចំពោះវិធានការរបស់ភាគីកម្ពុជា ដែល ខណ្ឌឲ្យអ្នកដំណើរ១៧៤រូបរស់នៅដាច់ដោយឡែកពីគ្នា។
ចំពោះការសង្ស័យជាអ្នកលេងល្បែងភ្នាល់គ្នាលើប្រព័ន្ធអ៊ីធើណេតដែលបានធ្វើដំណើរពីប្រទេសហ្វីលីពីនមកកាន់ប្រទេសកម្ពុជា ស្ថានទូតចិន និងការិយាល័យកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងចិននិងកម្ពុជាកំពុងតែមានការយកចិត្តទុកដាក់ខ្ពស់ យើងកំពុងតែស្រាវជ្រាវអំពីប្រវត្តិពង្សាវតារពួកគេដែលត្រូវជាប់សង្ស័យថាជាអ្នកលេងល្បែងភ្នាល់គ្នាលើប្រព័ន្ធអ៊ីធើណេត ក្រោយពីពិនិត្យរួច នឹងចុះបង្រ្កាបយ៉ាងមុះមុតតាមនីតិវិធីច្បាប់នៃប្រទេសទាំងពីរ។
ក្រោយពីរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសបញ្ឈប់សកម្មភាពល្បែងភ្នាល់គ្នាលើប្រព័ន្ធអ៊ីធើណេតមក ព័ត៌មានទាក់ទងនឹងការចុះបង្ក្រាបកន្លែងល្បែងភ្នាល់គ្នាលើប្រព័ន្ធអ៊ីធើណេត របស់ស្ថាប័នអនុវត្តច្បាប់រវាងចិន និងកម្ពុជាមានការកើនឡើងគួរឲ្យកត់សម្គាល់ បានបង្រ្កាបភាពក្រអឺតក្រទមរបស់អ្នកលែងល្បែងភ្នាល់គ្នា ហើយកិច្ចបន្ទាប់ភាគីទាំងពីរនឹងចុះបង្រ្កាបដោយសង្កត់ធ្ងន់លើអ្នកនៅពីក្រោយខ្នងនៃសកម្មភាពល្បែងភ្នាល់គ្នាលើប្រព័ន្ធអ៊ីធើណេត។ យើងជឿជាក់ថា ស្ថិតក្រោមកិច្ចសហប្រតិបត្តិការបង្រ្កាបរួមគ្នានៃនគរបាលទាំងទ្វេភាគី សង្ឃឹមថា“ក្តីសុបិនល្បែងស៊ីសង”របស់អ្នកលែងល្បែងភ្នាល់គ្នាលើប្រព័ន្ធអ៊ីធើណេតក្នុងប្រទេសកម្ពុជានឹងត្រូវបានកម្ចាត់យ៉ាងជោគជ័យ ហើយពួកគេនឹងទទួលខុសត្រូវចំពោះមុខច្បាប់ជាមិនខាន។