Covid-19 ៖ ពលករខ្មែនៅកូរ៉េ ដែលផុតអាណត្តិ អាចបន្តស្នាក់និងធ្វើការនៅបានចំនួន ៥០ថ្ងៃបន្ថែមទៀត

0

ភ្នំពេញ៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសសាធារណរដ្ឋកូរ៉េ ជូនដំណឹងដល់បងប្អូនពលករ ពលការិនីខ្មែរទាំងអស់ដែលបានបញ្ចប់អាណត្តិរយៈពេល៤ឆ្នាំ ១០ខែ អាចបន្តសុពលភាពស្នាក់នៅ និងធ្វើការនៅសាធារណរដ្ឋកូរ៉េ បានចំនួន ៥០ថ្ងៃបន្ថែមទៀត ។

យោងតាមសេចក្តីជូនដំណឹង របស់ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េនៅថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២០ នេះ បានឲ្យដឹងថា បន្ថែមលើសេចក្តីជូនដំណឹងរបស់ក្រសួងការងារកូរ៉េ ចុះនៅថ្ងៃទី ២០ ខែ មីនា ឆ្នាំ ២០២០ កន្លងទៅនេះ ស្ថានឯកអគ្គរាជទូតកម្ពុជា សូមបងប្អូនពលករ-ពលការិនីខ្មែរ ដែលកំពុងធ្វើការនៅសាធារណរដ្ឋកូរ៉េ ដែលកាន់ប្រភេទទិដ្ឋាការ E-9 ឲ្យបានជ្រាបថា លក្ខខណ្ឌសំខាន់ៗរួមមាន: ជាពលករគំរូ ពលករធ្វើការរយៈពេល០៤ឆ្នាំ ១០ ខែ មិនដែលផ្លាស់ប្តូរកន្លែងធ្វើការ និងស្របតាមបទដ្ឋាន របស់អាជ្ញាធរកូរ៉េ កំណត់ជាធរមាន ពលករមិនអាចស្នើសុំដោយខ្លួនឯងបានទេ ដោយ និយោជកកូរ៉េ ត្រូវដាក់ពាក្យស្នើសុំ ទៅក្រសួងការងារ និងនិយោជន៍កូរ៉េ ដោយផ្ទាល់ ក្នុងអំឡុងពេល ០១ខែ មុនអណត្តិពលករ-ពលការិនីបានបញ្ចប់ ។

សូមបញ្ជាក់ថា ការបន្តសុពលភាពស្នាក់នៅធ្វើការរបស់ ពលករ- ពលការិនី ដែលកាន់ប្រភេទទិដ្ឋាការ E-9 មិនប៉ះពាល់ការដកប្រាក់បំណាច់ឆ្នាំ ឬ អត្ថប្រយោជន៍ផ្សេងៗដែលត្រូវទទួលបានឡើយ។ សម្រាប់ព័ត៌មានបន្ថែម សូមបងប្អូនទំនាក់ទំនង មជ្ឈមណ្ឌលគាំពារពលករបរទេស នៅតាមតំបន់ ឬ ស្ថានឯកអគ្គរាជទូតកម្ពុជា តាមរយៈលេខទូរស័ព្ទ ០២ ៣៧៨៥ ១០៤១   ៕