ភ្នំពេញ៖ មិនខុសពីប្រជាពលរដ្ឋមួយចំនួនទៀតឡើយ លោក វីល្លាម ប្រធានគណបក្សខ្មែរក្រោក បានបង្ហាញការងឿងឆ្ងល់ថា បុរសជនជាតិឥណ្ឌូនេស៊ី ២នាក់ ដែលរកឃើញ ឆ្លងជំងឺកូវីដ១៩ ចំនួន ២នាក់ នៅថៃសោះ ហេតុអ្វីបាន បានរត់មកសុំឲ្យរាជរដ្ឋាភិបាលកម្ពុជា ជួយព្យាបាល ពួកគាត់បាន?
លោក វីល្លាម ប្រធានគណបក្សខ្មែរក្រោក បានបង្ហាញការងឿងឆ្ងល់ លើគេហទំព័រហ្វេសប៊ុក នៅថ្ងៃទី២៧មីនានេះថា “គាត់មានជំងឺនេះជាវិជ្ជមាន តាំងពីនៅបាងកក ម្ដេចក៏គាត់នៅ តែអាចមកកម្ពុជាបាន ? នេះជាចម្ងល់ តែយ៉ាងមិញ គោលការណ៍គុណធម៌ របស់កម្ពុជា ក្នុងការព្យាបាលជំងឺនេះ ពិតជាល្បី សុសសាយ ប្រាកដមែន”។
យោងតាម សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល កាលពីយប់ថ្ងៃទី២៧ មីនា បានឲ្យដឹងថា បុរសជនជាតិឥណ្ជូនេស៊ី អាយុ ៤១ឆ្នាំ និងអាយុ ៤៤ឆ្នាំ ដែលគ្រូពេទ្យថៃ ធ្វើតេស្តរកឃើញជំងឺកូវីដ១៩ ហើយរត់មកឲ្យកម្ពុជាជួយនោះ ត្រូវបានក្រសួងដាក់ឲ្យនៅព្យាបាល នៅមន្ទីរពេទ្យខេត្តសៀមរាប រួចរាល់ហើយ ។
ក្រសួងសុខាភិបាលរៀបរាប់ថា បុរសជនជាតិឥណ្ឌូនេស៊ីទាំង ២នាក់នេះ បានធ្វើតេស្តនៅមន្ទីរពេទ្យផាយ៉ាថៃ ទីក្រុងបាងកក ឃើញវិជ្ជមានវីរុសកូវីដ១៩ ដោយសារសាមីខ្លួនមិនមាន ថវិកាបង់ថ្លៃពេទ្យនៅទីនោះ ពួកគាត់ក៏បានធ្វើដំណើរ មកព្យាបាលនៅប្រទេសកម្ពុជា ហើយក្រុមការងាររបស់មន្ទីរសុខាភិបាលខេត្តសៀមរាប បានយកវត្ថុសំណាករបស់ បុគ្គលទាំងពីរនាក់ខាងលើ ទៅធ្វើវិភាគនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ទទួលបានលទ្ធផល វិជ្ជមានវីរុសកូវីដ១៩ ។
សូមរំលឹកថា គិតត្រឹមយប់ថ្ងៃទី២៦ មីនា ក្រសួងសុខាភិបាលបានរកឃើញ អ្នកឆ្លងកូវីដ១៩ សរុបចំនួន ៩៨នាក់ (ស្រី២៥នាក់ ប្រុស៧៣នាក់) ក្នុងមានចំនួន ១១នាក់ ដែលបានជាសះស្បើយ (មិនរាប់បញ្ចូលជនជាតិស៊ុយអែតម្នាក់ ដែលបានចាកចេញពីកម្ពុជា ដោយគាត់មិននៅរង់ចាំទទួលលទ្ធផលតេស្ត) ៕