ភ្នំពេញ៖ ពលរដ្ឋខ្មែរចំនួន ៤នាក់ ដែលបានជាប់នៅព្រលានយន្ត ហោះ Changi ប្រទេសសិង្ហបូរី នឹងមកដល់កម្ពុជាវិញ នៅថ្ងៃទី២៨ ខែមីនា ស្អែកនេះ។
យោងតាមហ្វេសប៊ុក ក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០នេះ បានឲ្យដឹងថា ស្ថានទូតកម្ពុជាប្រចាំសិង្ហបូរី ជួយសម្របសម្រួលដល់ ប្រជាពលរដ្ឋខ្មែរចំនួន ៤រូប (នារី២រូប និងបុរស២រូប) ដែលបានជាប់នៅ ព្រលានយន្ត ហោះ Changi ប្រទេសសិង្ហបូរីនោះ ដោយមានការសម្រប សម្រួលពីស្ថានទូតកម្ពុជាប្រចាំសិង្ហបូរី និងកិច្ចសហការពីក្រសួងការបរទេស សិង្ហបុរី អាជ្ញាធរអាកាសចរណ៍ស៊ីវិលសិង្ហបុរី (CAAS) និងតំណាងក្រុមហ៊ុន អាកាសចរណ៍អេស្យូពី បានជួយរកជើងហោះហើរ សម្រាប់អ្នកទាំង៤ ដោយទិញសំបុត្រ ជាថ្មីមកកម្ពុជា ពីសិង្ហបុរី និងដោយត្រូវឆ្លងកាត់ទីក្រុងដូហា និងហូជីមិញ តាមជើងយន្តហោះអាកាសចរណ៍កាតា (Qatar Airway)។ ដោយចេញដំណើរពីសិង្ហបុរី នៅវេលាម៉ោង ២០:២៥ ក្នុងយប់ ថ្ងៃ២៦ មីនា ពលរដ្ឋខ្មែរទាំង៤នាក់ គ្រោងមកដល់កម្ពុជានៅព្រឹកព្រហាមថ្ងៃទី២៨ ខែមីនា នេះ។
ដើម្បីអោយពួកគាត់ មានអារម្មណ៍កក់ក្តៅ លោក ឯកអគ្គរាជទូត ងួន សុខវេង និងលោក ទីប្រឹក្សាស្ថានទូត បានទៅជួបសំណេះសំណាលជាមួយពួកគាត់នៅព្រលានយន្ត ហោះ រហូតដល់គាត់ចេញដំណើរទៅ។ ក្នុងឱកាសនោះ លោកឯកអគ្គរាជទូត បានផ្តល់ជូនទឹកអនាម័យសំអាតដៃ និងម៉ាស ព្រមទាំងណែនាំអោយពួកគាត់ អនុវត្តអនាម័យ អោយបានខ្ជាប់ខ្ជួន ទាំងក្នុងយន្តហោះ និងក្នុងព្រលានដែលត្រូវឆ្លងកាត់។
សូមបញ្ជាក់ផងដែរថា បងប្អូនខ្មែរទាំង៤នាក់នេះ បានធ្វើការជាបុគ្គលិកកាស៊ីណូអស់រយៈពេល ១០ខែមកហើយ នៅក្នុងប្រទេសហ្កាណា។ ដោយកាស៊ីណូត្រូវបិទ ដោយសារបញ្ហាវីរុសកូវីដ១៩ ពួកគាត់ត្រូវត្រលប់មកកម្ពុជាវិញ ហើយបានជាប់គាំង នៅសិង្ហបុរីតែម្តង ៕