ភ្នំពេញ៖លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានឲ្យដឹងថា ក្នុងស្រុកបន្ទាយស្រីបានសម្រេចបង្កើតនិងដាក់បណ្តាញរបស់ខ្លួនពេញលេញនៅគ្រប់ភូមិទាំង៣៦ ក្នុងយុទ្ធនាការ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ។
ផ្អែកតាមផេករបស់លោក ឃឹម ហ្វីណង់ បានឲ្យដឹងថា ការប្រជុំពេញអង្គនៃអនុគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩ថ្នាក់ស្រុក ដើម្បីតាមដាននិងវាយតម្លៃស្ថានភាពចុងក្រោយបំផុតនៃវិធានការនានាដែលរដ្ឋបាលស្រុកបានដាក់ចេញអោយក្រុមទាំង៣៦បានអនុវត្តអស់រយៈពេលមួយសប្តាហ៍កន្លងមក។
ក្នុងនោះលោកបានបន្តថា រហូតមកដល់ពេលនេះ រដ្ឋបាលស្រុកបន្ទាយស្រីបានសម្រេចបង្កើតនិងដាក់បណ្តាញរបស់ខ្លួនពេញលេញនៅគ្រប់ភូមិទាំង៣៦ ដោយមានក្រុមការងារចម្រុះដែលមានសមាជិកយ៉ាងតិច៥នាក់ ដឹកនាំដោយមេភូមិនីមួយៗ និងទទួលបានការអប់រំពិសេសអោយទៅជាក្រុមជនបង្គោលនៅតាមភូមិដើម្បី៖
– ផ្សព្វផ្សាយអប់រំបន្ត និងជាកន្លែងផ្តល់/ទទួលពត៌មាននានាពាក់ព័ន្ធនឹងពីមេរោគកូវីដ១៩ជូនដល់អ្នកភូមិ ដោយមានបំពាក់”មេក្រូអចល័ត”ក្នុងភូមិយ៉ាងតិចមួយគ្រឿង ដើម្បីប្រើប្រាស់ជាមធ្យោបាយទំនាក់ទំនងជាអចិន្ត្រៃយ៍
– តាមដាននិងធ្វើរបាយការណ៍ជាប្រចាំថ្ងៃពីជនដែលអាចមានហានីភ័យនៅក្នុងភូមិដើម្បីសុំគោលការណ៍សម្រេចពីការដាក់អោយនៅដាច់ដោយឡែកពីគណៈកម្មការថ្នាក់ស្រុក
សម្រាប់ដំណាក់កាលបន្ទាប់ រដ្ឋបាលស្រុកកំពុងរៀបចំសកម្មភាព២ទៀត ដើម្បីបំពេញបន្ថែមនិងដកយកការព្រួយបារម្ភពីអ្នកភូមិពីការរីករាលដាលនៃជម្ងឺកូវីដតាមរយៈ៖
– បង្កើតយុទ្ធនាការចែកសាប៊ូលាងដៃទៅដល់ប្រជាពលរដ្ឋគ្រប់រូបព្រមទាំងភ្ជាប់ជាមួយខិត្តបណ្ណពិសេសដែលអាចផ្តល់ពត៌មានចាំបាច់បំផុត ដើម្បីពញ្ញាក់អារម្មណ៍ពួកគាត់អោយមានការចូលរួមទប់ស្កាត់ការរីករាលដាលទាំងអស់គ្នា
– រៀបចំកន្លែងស្នាក់នៅដាច់ដោយឡែកដែលមានការគ្រប់គ្រងច្បាស់លាស់មួយនៅក្នុងស្រុក ដើម្បីប្រមូលយកជនសង្ស័យដែលមិនទាន់បានធ្វើតេស្តទាំងអស់មករក្សាទុករយៈពេល១៤ថ្ងៃ និងបានកាត់បន្ថយការព្រួយបារម្ភនៅក្នុងភូមិ ក៏ដូចជាជៀសវាងបាននូវការប្រតិកម្មយឺតពេលប្រសិនបើមានករណីវិជ្ជមាននៅក្នុងភូមិនីមួយៗ។
សូមបញ្ជាក់ថា ចាប់ពីថ្ងៃនេះទៅ រាល់កិច្ចប្រជុំដែលមានគ្នាចាប់ពី៣០នាក់ឡើង នឹងត្រូវបានរៀបចំតាមស្តង់ដារថ្មីនេះ ដោយរក្សាគម្លាតមួយមែត្រកន្លះ និង(បើអាច)ធ្វើនៅទីវាលខាងក្រៅដែលមានបរិយាកាសទូលំទូលាយ៕