ភ្នំពេញ៖ លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានចេញមុខអះអាងថា គ្មានឡើយអ្នកលក់ទូរសព្ទ នៅផ្សារជម្ពូវ័ន ឆ្លងវីរុសកូវីដ-១៩រហូតដល់ស្លាប់ ។ បន្ថែមពីលើនោះ លោកក៏បានអំពាវនាវ អោយប្រជាពលរដ្ឋ កុំងាយទទួលយក នូវព័ត៌មានដែលគ្មានប្រភព និងស្ថាប័នទទួលខុសត្រូវ ច្បាស់លាស់ ជាពិសេសពាក់ព័ន្ធ នឹងវីរុសកូវីដ១៩តែម្តង ។
លោក ម៉េត មាសភក្តី បានប្រតិកម្មបែបនេះក្រោយពីមានការផ្អើលឆោឡោពីសំណាក់ប្រជាពលរដ្ឋមួយចំនួន តាមបណ្តាញសង្គមដោយសារជនខិលខូច បានប្រឌិត និងចែកចាយ នូវខ្សែអាត់សំឡេង ដែលមានខ្លឹមសារ ពាក់ព័ន្ធ នឹងអ្នកលក់ទូរសព្ទម្នាក់ នៅផ្សារជម្ពូវ័ន បានឆ្លងវីរុស កូវីដ-១៩ និងបានស្លាប់ នៅក្នុងផ្សារនិងបានចម្លងដល់ក្រុមគ្រួសារទៀតផង។
អ្នកនាំពាក្យ សាលារាជធានីភ្នំពេញ បានមានប្រសាសន៍ ប្រាប់ក្រុមអ្នកសារព័ត៌មាន នៅយប់ថ្ងៃទី២៦ មីនា ២០២០នេះថា “សូមជម្រាបជូនបងប្អូនថា មានជនខិលខូចប្រឌិត នូវសារសំឡេង ដែលមានខ្លឹមសារថា មានអ្នកលក់ទូរសព្ទ ឆ្លងវីរុស (Covid-19) ស្លាប់នៅផ្សារ និងឈានដល់ចម្លងទៅដល់អ្នកផ្ទះ និងបិទផ្សារនេះ ខ្ញុំសូមច្រានចោលព័ត៌មាន នេះទាំងស្រុង” ។
លោក ម៉េត មាសភក្តី បានបញ្ជាក់ថា មុននឹងធ្វើការច្រានចោលនូវព័ត៌មាននេះ លោកនិងក្រុមការងារ ពាក់ព័ន្ធ ជាពិសេសបានពិនិត្យ និងបញ្ជាក់ជាមួយ ប្រធានផ្សារជម្ពូវ័នរួចរាល់ហើយដែរ ។
ឆ្លៀតក្នុងឱកាសនោះ លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ចូលរួមនិងទប់ស្កាត់ នូវព័ត៌មានក្លែងក្លាយទាំងអស់គ្នា ដោយទទួលយកព័ត៌មានណា ដែលមានប្រភពច្បាស់លាស់ មានការបញ្ជាក់ ពីស្ថាប័នទទួលខុសត្រូវច្បាស់លាស់ កុំស្តាប់ ហើយកុំយក និងកុំចែកចាយបន្ត ទោះជាក្នុងន័យថា ឆ្ងល់ លឺ ឬឃើញអ្វីក៏ដោយ ។
គួរបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០នេះករណីវិជ្ជមានវីរុសកូវីដ-១៩ នៅកម្ពុជា ទាំងអស់មានចំនួន ៩៨ករណី (ស្រី២៥នាក់ ប្រុស៧៣នាក់ ក្នុងនោះមានចំនួន ១១នាក់ បានជាសះស្បើយ និងពុំមាន ករណីបង្កដល់ អាយុជីវិតនៅឡើយ ខណៈនៅរាជធានីភ្នំពេញ មានអ្នកឆ្លងវីរុស កូវីដ-១៩ ចំនួន ១៣ករណី (ទាំងជនបរទេស) ៕