ភ្នំពេញ៖ ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បានជូនដំណឹងដល់ប្រជាពលរដ្ឋ និងពលករខ្មែរ ដែលកំពុងស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសថៃ ឲ្យដឹងថា ក្នុងស្ថានភាពនៃការរាលដាលនៃជំងឺកូវីដ១៩ រាជរដ្ឋាភិបាលថៃ បានប្រកាសដាក់ប្រទេសក្នុងគ្រាមានអាសន្ន ចាប់ពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ ដោយមិនអនុញ្ញាតឲ្យធ្វើដំណើរ ឆ្លងកាត់តាមច្រកព្រំដែនកម្ពុជា-ថៃ នោះទេ ។
ការដាក់ប្រទេសក្នុងភាពអាសន្នរបស់រដ្ឋាភិបាលថៃបែបនេះបានធ្វើឲ្យពលរដ្ឋខ្មែរមួយចំនួន ប្រឈមនឹងការផុតសុពលភាពស្នាក់នៅ និងប័ណ្ណអនុញ្ញាតការងារដូច្នេះ អាជ្ញាធរថៃអនុញ្ញាឲ្យពលករខ្មែរបន្តឲ្យស្នាក់នៅជាបណ្តោះអាសន្ន ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ដោយលើកលែងការផាកពិន័យលើការស្នាក់នៅលើសកំណត់ (Over Stay)។
សេក្តីជូនដំណឹងបានបញ្ជាក់បន្ថែមថាក្នុងករណីពលករខ្មែរត្រូវការធ្វើការបន្ត ត្រូវឲ្យនយោជកបញ្ជូនបញ្ជីឈ្មោះ ទៅក្រសួង ឬមន្ទីរការងារក្រុង/ខេត្ត តាមរយៈប្រព័ន្ធអនឡាញឲ្យបានរួចរាល់ ត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ដើម្បីបន្តធ្វើការជាបណ្តោះអាសន្នបានរហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០៕