ក្រសួងយុត្តិធម៌ កំពុងពិចារណា បង្កើតតុលាការចល័ត ខណៈសាលាឧទ្ធរណ៍ តំបន់ចំនួន៣ គ្រោងដំណើរការឆាប់ៗ (Video)

0

ភ្នំពេញ៖ លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌បានអះអាងថាក្រសួងកំពុងពិចារណា បង្កើតតុលាការចល័ត នៅតាម រាជធានី-ខេត្ត ដើម្បីឲ្យកាន់តែងាយស្រួល បំរើសេវាជូនប្រជាពលរដ្ឋខណៈក្រសួងយុត្តិធម៌បានបង្កើតសាលាឧទ្ធរណ៍តំបន់ចំនួនបី នៅខេត្តបាត់ដំបង ព្រះសីហនុ និងត្បូងឃ្មុំដើម្បីបំរើសេវា ជូនប្រជាពលរដ្ឋដោយមិនចាំបាច់ឡើងមកភ្នំពេញក៏បាន។

លោកសង្កត់ធ្ងន់ថា ការបង្កើតឧទ្ធរណ៍តំបន់គឺ ជាការអនុវត្តន៍នូវកម្មវិធី កំណែទម្រង់ច្បាប់ ប្រព័ន្ធយុត្តិធម៌ក្នុងគោលដៅបី រួមមាន៖ទី១ គឺការបង្ខិតសេវាយុត្តិធម៌ឲ្យទៅកៀកប្រជាពលរដ្ឋ ទី២គឺការធានានូវសិទ្ធិទទួលបានយុត្តិធម៌របស់ពលរដ្ឋនិងទី៣គឺដើម្បីដោះស្រាយនូវភាពកកស្ទះសំណុំរឿងនៅតុលាការក៏ដូចជាការកកស្ទះនូវចំនួនអ្នកជាប់ឃុំនៅក្នុងពន្ធនាគារផងដែរ។

លោកបន្តថា ការបង្ខិតសេវា យុត្តិធម៌ទៅកៀកប្រជាពលរដ្ឋ បានន័យថា ប្រជាពលរដ្ឋមិនចាំបាច់ឡើងមកឧទ្ធរណ៍ភ្នំពេញដូចកាលពីមុនឡើយ បើពួកគេត្រូវការធ្វើបណ្ដឹងទាក់ទងជាមួយឧទ្ធរណ៍ ពួកគេអាចទៅរកសេវា ឧទ្ធរណ៍នៅក្នុងតំបន់របស់ពួកគេ ដែលមានស្រាប់នោះបាន។

អ្នកនាំពាក្យក្រសួងយុត្តិធម៌បានអះអាងថាក្រសួងបាននិងកំពុងធ្វើការពន្លឿនដោះស្រាយសំណុំរឿងដែលនៅសេសសល់ជាប់គាំងជាច្រើន ដើម្បីចូលរួមចំណែកកាត់បន្ថយភាពចង្អៀតណែនក្នុងពន្ធនាគារ។

ក្នុងសន្និសីទសារព័ត៌មានស្ដីពី“វឌ្ឍនភាពនិងទិដៅការងារបន្តរបស់ក្រសួងយុត្តិធម៌នៅថ្ងៃទី២៦ខែមីនាឆ្នាំ២០២០នេះលោកជិនម៉ាលីនបានថ្លែងថា ”ការពន្លឿនសុំណុំរឿងនៅតាមតុលាការវាចូលរួមដោះស្រាយភាពចង្អៀតណែននៃអ្នកជាប់ឃុំក្នុងពន្ធនាគារទៀត”។

លោកបញ្ជាក់ថាក្នុង១ឆ្នាំៗ គឺមានសំណុំរឿង ដែលនៅសេសសល់ ជាប់គាំង ដោះស្រាយមិនទាន់រួច ប្រមាណ១ម៉ឺនករណីដែលភាគច្រើនសុទ្ធតែជារឿងគ្រឿងញៀន។លោកបន្ថែមថាក្នុង១ម៉ឺនសំណុំរឿងដែលកំពុងជាប់គាំងនេះ ៧០ភាគរយ គឺទាក់ទងជាមួយករណីគ្រឿងញៀន៕