ភ្នំពេញ៖ មានជនជាតិចិនមួយក្រុមបានធ្វើដំណើរតាម រថយន្តក្រុងមកចុះ នៅចំណុចខាងមុខសណ្ឋាគារនិងកាស៊ីណូជិតច្រកទ្វាព្រំដែនអន្តរជាតិបាវិតកាលពីវេលាម៉ោង៧និង១០នាទីយប់ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ នៅក្រុងបាវិត ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់មហាជនក្រុម សមត្ថកិច្ចនគបាលក្រុងបាវិតសហការជាមួយកងរាជអាវុធហត្ថក្រុងបាវិតនិងនគបាលអន្តោប្រវេសន៍ច្រកទ្វាព្រំដែនអន្តរជាតិបាវិត អាជ្ញាធរក្រុងបាវិតបានឃាត់ខ្លួននិងអញ្ជើញជនជាតិចិនទាំង១៧៤នាក់ ក្នុងនោះមានស្រី៣៧នាក់នោះមកដាក់នៅសាលាក្រុងបាវិតអធិការដ្ឋាននគបាលក្រុងបាវិតនិងអគារកងរាជអាវុធហត្ថក្រុងបាវិតដើម្បីគ្រប់គ្រងនិងធ្វើចត្តាឡីស័ក ។
លោក លឹមសៀង ហេង អភិបាលក្រុងបាវិត បានប្រាប់ ក្រុមអ្នកសារព័ត៌មានអោយដឹងថា នៅយប់ថ្ងៃ២៤ខែមីនាថាមានជនជាតិចិនចំនួន១៧៤នាក់ បានធ្វើដំណើរពីទិសខាងលិច តាមផ្លូវជាតិលេខ១ មកចុះនៅមុខសណ្ឋាគារ និងកាស៊ីណូក្នុងក្រុងបាវិត ហើយគោលបំណង ចូលស្នាក់នៅ ក្នុងសណ្ឋាគារនិងតាម កាស៊ីណូក៏ប៉ុន្តែម្ចាស់សណ្ឋាគារនិងកាស៊ីណូមិនអនុញ្ញាត ហើយបានរាយការណ៍ មកជូនអាជ្ញាធរនិង សមត្ថកិច្ច ទើបលោកសហការជាមួយនគបាលអន្តោប្រវេសន៍ស្នងការនគបាលខេត្តនគរបាលអន្តោប្រវេសន៍ច្រកទ្វាព្រំដែនអន្តរជាតិបាវិត នគរបាលក្រុង បាវិតនិងកងរាជអាវុធហត្ថក្រុងខេត្ត ចុះទៅឃាត់និងបញ្ជូនជនជាតិចិនទាំង១៧៤នាក់ មកដាក់ឲ្យស្នាក់នៅ ក្នុងសាលាក្រុងបាវិត នៅអធិការដ្ឋាននគរបាលក្រុងបាវិត និងអគារកងរាជអាវុធហត្ថក្រុងបាវិត ដើម្បីគ្រប់គ្រង និងសាកសួរ ។
លោកអភិបាលក្រុងបន្តទៀតថា នៅព្រឹកថ្ងៃទី២៥ មិនា២០២០ សមត្ថកិច្ចនគរបាលអន្តោប្រវេសន៍ស្នងការដ្ឋាន នគបាលខេត្ត បានសហការជានគបាលអន្តោប្រវេសន៍ ច្រកទ្វាព្រំដែនអន្តរជាតិ សាកសួរនិង ឲ្យមន្ត្រីសុខាភិបាលពិនិត្យ និងធ្វើចត្តាឡីស័ក រហូតដល់ម៉ោង១១និង៣០នាទីព្រឹក ពុំទាន់រកឃើញមាន មុខសញ្ញាគួរឲ្យសង្ស័យ ករណីវីរុសកូវីដ១៩នោះទេ ។
គិតត្រឹមយប់ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានរកឃើញអ្នកឆ្លងជំងឺ កូវីដ-១៩ នៅកម្ពុជា កេីនឡេីង ដល់៩៦នាក់ហើយ ខណៈមានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ រហូតដល់ចំនួន១០នាក់ ផងដែរ៕