មូលហេតុដែលបុរសខ្មែរឆ្លង COVID-19 ពីជនជាតិជប៉ុននៅសៀមរាបមិនទាន់ជាសះស្បើយ

0

ភ្នំពេញ៖មន្ទីរសុខាភិបាលខេត្តសៀមរាប ប្រាប់ពីមូលហេតុដែលបុរសខ្មែរឆ្លង COVID-19ពីជនជាតិជប៉ុនមិនទាន់ជាសះស្បើយ ដោយសារគាត់មានជំងឺប្រចាំកាយរលាកថ្លើមប្រភេទB ដែលធ្វើឲ្យការព្យាបាលរាងយឺតបន្តិច។នេះបើយោងតាមAKP។

លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាបមានប្រសាសន៍ឲ្យដឹងថា បុរសខ្មែរឆ្លងCOVID-19 ពីជនជាតិជប៉ុន បច្ចុប្បន្នគឺគាត់សុខភាពអ្នកជំងឺល្អធម្មតា ចំណែកមេរោគកាន់តែថយចុះ គ្រាន់តែការថមថយនោះយឺត ខណៈដែលការធ្វើតេស្ដជាលើកទី៨ លើបុរសជនជាតិខ្មែរដំបូង ដែលមានមេរោគកូវីដ១៩ គឺលទ្ធផលបន្តវិជ្ជមាននៅឡើយ។ លោកវេជ្ជបណ្ឌិតបញ្ជាក់ថា ក្រុមគ្រូពេទ្យបានបង្កើនការយកចិត្តទុក្ខដាក់ថែទំាងសុខភាព បុរសម្នាក់មនុស្សយ៉ាងល្អជាប្រចាំនិងប្រើវិធីសាស្ដ្រផ្សេងៗដើម្បីឱ្យគាត់ជាសះស្បើយឆាប់ៗខាងមុខនេះដើម្បីបានត្រលប់ទៅជួបក្រុមគ្រួសាររបស់គាត់វិញក្នុងពេលដ៏ឆាប់ខាងមុខនេះ។

គ្រាន់តែថាមេរោគនឹងវាថយចុះតែយូរបន្តិចព្រោះអាហ្នឹងជាប្រភេទមេរោគនៅពេលដែលវាខុសដៃខុសជើងតាសតិចក៏វាខុសគ្នាដែល ព្រោះធម្មតាការរលាកថ្លើមប្រភេទ b និង វាធ្វើឱ្យប្រព័ន្ធការពាររាងកាយ វាមិនទប់ទល់នឹងមេរោគ ជាពិសេសគឺវីរុសនឹងតែម្តង ទោះជាយ៉ាងណាយើងនឹងបន្តថែទាំ ព្យាបាលគាត់បន្ថែមទៀត ដោយយើងត្រូវផ្លាស់ប្ដូរថ្នាំ ទៅតាមជំនាញរបស់គ្រូពេទ្យ។ ប៉ុន្តែអ្វីដែលល្អគឺសុខភាពគាត់ល្អធម្មតា ហើយយើងសង្ឃឹមថាមេរោគនេះនឹងចុះហើយនឹងបាត់។ ចំពោះករណីនេះដែលជាបទពិសោធន៍អ្នកជំនាញមកពីប្រទេសចិនគឺគេបានសន្និដ្ឋានថាការព្យាបាលនេះរហូតអាចទៅដល់៣០ថ្ងៃ ព្រោះនៅប្រទេសចិនក៏មានករណីនេះដែរ ដូច្នោះយើងនឹងបន្តតាមដាន និងព្យាបាលគាត់ទៀត។

លោកវេជ្ជបណ្ឌិត បានបញ្ជាក់ទៀតថា ក្រោមការដឹកនាំរបស់ប្រមុខរាដ្ឋាភិបាក និងរដ្ឋមន្ដ្រី ក្រសួងសុខាភិបាល លោកតែងតែយកចិត្ដទុកដាក់ និង បន្ដណែនាំ ដល់មន្ដ្រីក្រោមឱវាទជាប់និច្ច ភ្ជាប់ជាមួយការពង្រឹងការប្រុងប្រយ័ត្នខ្ពស់ ក្នុងការបំពេញការងារព្យាបាល ថែទាំ បង្ការ ដល់អ្នកជំងឺ ដោយចាត់ទុកអ្នកជំងឺ ដូចជាបងប្អូនក្រុមគ្រួសាររបស់យើងផងដែរ។

លោកវេជ្ជបណ្ឌិតបានបញ្ជាក់ទៀតថា អភិបាលខេត្ត បានត្រៀមបម្រុងអគារ ដើម្បីការពិនិត្យព្យាបាល អ្នកមានជំងឺ Covid-19 មាន៤ទីតាំងបន្ថែមទៀត ដែលមានបន្ទប់សរុប ១៤៣បន្ទប់ ស្មើ២៨៦គ្រែ ទី១ សាលាគរុកោសល្យ និងវិក្រឹត្យការខេត្ត មាន ២៥បន្ទប់ ស្មើនឹង ៥០គ្រែ. ។ ទី២ អន្តេវាសិកដ្ឋាន ចំនួន ២៨បន្ទប់ ស្មើរនឹង៥៦គ្រែ ទី៣ ផ្ទះសំណាក់គ្រូបង្រៀន មាន៣០បន្ទប់ ស្មើនឹង៦០គ្រែ និងទី៤ សណ្ឋាគារញូរីវើសាយ មាន ៦០បន្ទប់ ស្មើនឹង ១២០គ្រែ។

លោកប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ សូមកុំរើសអើសចំពោះអ្នកជម្ងឺឆ្លងវីរ៉ុសខូវីដ១៩ ហើយត្រូវមានការរួមសាមគ្គីគ្នា តាមការណែនាំរបស់ប្រមុខរាជដ្ឋាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាល នៃវីរុសខូវីដ-១៩ នៅទូទំាងប្រទេស ៕