កម្ពុជា អាចចៀសមិនផុតពីការ ប្រកាសដាក់ក្នុងភាពអាសន្ន ប្រសិនបើអ្នកអ្នកឆ្លងកូវីដ១៩ នៅតែបន្តកើន (Video)

0

ភ្នំពេញ៖ ក្នុងកាលៈទេសៈដែលប្រទសកម្ពុជា កំពុងរាតត្បាតដោយជំងឺកូវីដ១៩នោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងថា ប្រសិនបើចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅតែបន្ដកើនឡើងទៀត ប្រទេសកម្ពុជា អាចចៀសមិនផុតពីការដាក់ ក្នុងភាពមានអាសន្ននោះទេ ។

កាលលើកឡើងរបស់សម្ដេច ស ខេង បែបនេះ ស្របពេលដែលពិភពលោក កំពុងមានការព្រួយបារម្ភ ចំពោះការរីករាលដាលជាសកល នៃជំងឺកូវីដ១៩ និងក្នុងកាលៈទេសៈដែលជំងឺកូវីដ១៩ កំពុងរាតត្បាតនៅក្នុងប្រទេសកម្ពុជា ។

ក្នុងជំនួបសំណេះសំណាលជាមួយ មន្ត្រីអង្គភាព និងស្ថាប័ននានា ដែលកំពុងបំពេញភារកិច្ច តាមបណ្ដាច្រកទ្វារព្រំដែន នៃភូមិសាស្ត្រខេត្តបាត់ដំបង និងប៉ៃលិន នៅថ្ងៃទី២៥ មីនាសម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ថា «មកដល់ពេលនេះ គឺមិនទាន់មានទេ ប៉ុន្ដែគឺសម្ដេចតេជោ លោកមានប្រសាសន៍ថា កំពុងតែពិចារណា ខ្ញុំគិតថាប្រសិនណាជាស្ថានភាពនេះ វាកាន់តែរីកចំនួនអ្នកផ្ទុកមេរោគនេះ ចៀសមិនផុតទេ ប៉ុន្ដែក្នុងស្ថានភាពបច្ចុប្បន្ន នៅក្នុងកម្រិតប៉ុណ្ណឹង ប្រហែលជាមិនទាន់មានទេ»។

សម្ដេច ក៏បានណែនាំឲ្យ អាជ្ញាធរតាមច្រកទ្វារព្រំដែន ត្រូវកត់ត្រាឲ្យបានច្បាស់លាស់ នូវអត្តសញ្ញាណ ប្រជាពលរដ្ឋដែល វិលចូលមកប្រទេសវិញ ដើម្បីធានាតាមដាន និងងាយស្រួលក្នុងការស្រាវជ្រាវរកពួកគាត់ ប្រសិនបើមានបញ្ហាណាមួយ ។

សម្ដេចក្រឡាហោម បានណែនាំឲ្យមន្ត្រីទាំងអស់ ត្រៀមទទួលស្វាគមន៍ ពលករខ្មែរ ដោយអកប្បកិរិយាថ្លៃថ្នូរសុភាពរាបសារ និងទន់ភ្លន់ ប៉ុន្តែត្រូវមានវិធានការម៉ឺងម៉ាត់ តាមក្បួនសុខាភិបាល ដើម្បីធានាសុខសុវត្ថិភាព និងក្រុមគ្រួសារពួកគាត់ នៅស្រុកកំណើត ។

សូមរំលឹកថា ក្នុងពិធីសំណេះសំណាល ជាមួយគ្រូពេទ្យស្ម័គ្រចិត្ត មុនចេញបេសកកម្ម ជាមួយក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធជាមួយជំងឺកូវីដ១៩ កាលពីថ្ងៃទី២៥ មីនា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា សម្ដេចកំពុងពិចារណា ទូលថ្វាយព្រះមហាក្សត្រ ដើម្បីស្នើសុំដាក់ប្រទេស ក្នុងភាពមានអាសន្ន ។

សូមបញ្ជាក់ផងដែរថា គិតត្រឹមយបថ្ងៃទី២៥ ខែមីនា ក្រសួងសុខាភិបាលកម្ពុជា បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៩៦នាក់ ក្នុងនោះមានអ្នកជំងឺជាសះស្បើយ ១០នាក់ ៕