លោក ពេជ្រ ស្រស់ ស្នេីឲ្យសម្ដេចតេជោ ចរចាជាមួយធនាគារឯកជន ពន្យារពេលប្រមូលបំណុល ពីពលរដ្ឋមួយរយៈសិន

0

ភ្នំពេញ៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា នឹងស្នេីសុំកិច្ចអន្តរាគមន៍ពិសេសេពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជួយចរចាជាមួយធនាគារឯកជន ឲ្យពន្យារពេលការប្រមូលបំណុលពីប្រជាពលរដ្ឋខ្មែរ មួយរយៈសិន ។

មេបក្សយុវជនកម្ពុជា ស្នេីទៅសម្ដេចបែបនេះ ស្របពេលដែលពិភពលោកកំពុងមានការព្រួយបារម្ភ ចំពោះការរីករាលដាលជាសកល នៃជំងឺកូវីដ១៩ និងក្នុងកាលៈទេសៈដែលជំងឺកូវីដ១៩ កំពុងរាតត្បាតនៅក្នុងប្រទេសកម្ពុជា ។

លោក ពេជ្រ ស្រស់ បានសរសេរលេីបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២៤ មីនានេះថា “នៅរសៀល ខ្ញុំបានសម្រេចចិត្ត ផ្ញើលិខិតមួយជូនទៅសម្ដេចតេជោ ដើម្បីស្នើសុំកិច្ចអន្តរាគមន៍ពិសេសមួយពីសម្តេចតេជោ ស្នេីលោកជួយចរចាជាមួយនឹងធនាគារ ឯកជនឲ្យពន្យាពេលការប្រមូលបំណុលពីប្រជាពលរដ្ឋខ្មែរ មួយរយៈសិន ក្នុងកាលៈទេសៈមេរោគ COVID -19 កំពុងរាតត្បាតក្នុងប្រទេសកម្ពុជា។ អ្វីដែលខ្ញុំត្រូវធ្វេីគឺធ្វេីអស់ហេីយ នៅឡើយលទ្ធផលគឺទុកឲ្យ រដ្ឋាភិបាលជាអ្នកកំណត់ទៅចុះ” ។

សូមរំលឹកថា គិតត្រឹមយប់ថ្ងៃទី២៣ មីនា ក្រសួងសុខាភិបាលកម្ពុជា រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៨៧នាក់ (ស្រី ២២នាក់ ប្រុស៦៥នាក់) ក្នុងនោះមានជនជាតិចិនម្នាក់ (នៅខេត្តព្រះសីហនុ ជាសះស្បើយ) អង់គ្លេស ៣នាក់ (ក្នុងនេះមានម្នាក់ជាសះស្បើយ) កាណាដាម្នាក់ ប៊ែលហ្សិកម្នាក់ បារាំង ៣៤នាក់ (ក្នុងនេះមានកូនប្រុសបង្កើតអាយុ ៤ខែ) ម៉ាឡេស៊ី ១២នាក់ និងខ្មែរ ៣៥នាក់ ៕