ភ្លាមៗ!លោក គួច ចំរើន បញ្ជាឲ្យមន្រ្តីគ្រប់អង្គភាពទាំងអស់ ធ្វើការផ្សព្វផ្សាយវិធានការ ទប់ស្កាត់ជំងឺកូវីដ១៩

0

ភ្នំពេញ៖ ភ្លាមៗ ដោយគោរពតាម គោលការណ៍ណែនាំ របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០នេះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានដាក់ចេញនូវ បទបញ្ជាដល់ អភិបាលក្រុងស្រុក ឃុំ សង្កាត់ ប្រធានមន្ទីរ អង្គភាព និងកងកម្លាំងប្រដាប់អាវុធ ឱ្យធ្វើការផ្សព្វផ្សាយនូវសេចក្តីណែនាំ ស្តីពីនីតិវិធីដាក់ខ្លួន ឱ្យនៅដាច់ដោយឡែក រយៈពេល១៤ថ្ងៃ ដើម្បីបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩ នៅតាមផ្ទះដោយលក្ខណៈបុគ្គល នៅតាម ភូមិ ឃុំ សង្កាត់ សាលារៀន វត្តអារាម សារ៉ាវ វិហារសាសនា រោងចក្រសហគ្រាស ទីផ្សារ និងទីប្រជុំនានានៅទូទាំង ខេត្តព្រះសីហនុ ឱ្យបានទូលំទូលាយ ដើម្បីឱ្យប្រជាពលរដ្ឋ បានយល់ច្បាស់ ពីវិធីបង្ការ និងទប់ស្កាត់ពីជំងឺរាតត្បាតកូវីដ១៩ ។

សូមរំលឹកថា នៅក្នុងពិធី ជួបសំណេះសំណាលជាមួយ មន្ត្រីនគរបាលអន្តោប្រវេសន៍ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ (ច្រកស៊ីវិល)នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ សម្ដេចក្រឡាហោម ស ខេង បានលើកឡើងថា ក្រសួងកំពុងរៀបចំ ថតនូវឃ្លីបសារខ្លីៗ ច្បាស់ៗ ហើយយកទៅតាមចាក់ផ្សាយ តាមម៉ូតូឬឡានចល័ត ពីភូមិមួយទៅភូមិមួយ ទៅដល់អាចជំរាបជូនគាត់ ឲ្យគាត់ជួបជុំហើយចាក់សារជាសម្លេងនឹងអោយគាត់ស្ដាប់ មួយដងឬពីរដង ទាល់តែពួកគាត់បានយល់ ទើបបន្តទៅកាន់ភូមិមួយទៀត។ ហើយចំណុចនេះខ្ញុំស្នើថា ឯកឧត្ដមអភិបាលរាជធានី-ខេត្ត និងក្រុមការងារ រៀបចំ។ខាងក្រូសួងរៀបចំជាសារ ឯក្រុមការងារនិងរដ្ឋបាលនៅនឹងកន្លែងត្រូវរៀបចំមធ្យោបាយ (ឧបករណ៍ មេក្រូ ម៉ូតូឬឡាន—-“។

ការចាត់វិធានការបែបនេះ ក្រោយពីសម្ដេច សង្កេតឃើញថា ប៉ុន្មានថ្ងៃនេះ បងប្អូនពលករ បានសម្រុកចេញ មកពីប្រទេសថៃ ជាគំហុក ដោយមិនអាចគ្រប់គ្រង ត្រួតពិនិត្យឲ្យបានដិតដល់នោះទេ៕