ភ្នំពេញ៖ ស្របពេលដែលប៉ុន្មានថ្ងៃនេះ ពលករខ្មែរនៅថៃ សម្រុកចូលកម្ពុជាជាង ១៥០០០នាក់ និងគ្មានលទ្ធភាពគ្រប់គ្រាន់ ក្នុងការដាក់ពួកគាត់ ឲ្យនៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងថា បើសិនក្នុងភូមិណាមួយ រកឃើញពលករខ្មែរមកពីថៃ ឆ្លងកូវីដ១៩ ចំនួន ២ទៅ៣នាក់ ភូមិនោះអាចនឹងត្រូវបិទ មិនឲ្យមានការចេញចូលតែម្ដង ។
ក្នុងពិធីជួបសំណេះសំណាលជាមួយ មន្ត្រីនគរបាលអន្តោប្រវេសន៍ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាថ្ងៃទី២៤ មីនានេះ សម្ដេច ស ខេង បានមានប្រសាសន៍ថា ថៃបិទការងារមួយចំនួន ដូចជា ការរដ្ឋាន ការរ៉ាអូខេ សណ្ឋាគារ ភោជនីយដ្ឋាន ហាងកាត់សក់ ជាដើម ទើបធ្វើឲ្យពលរកខ្មែរមិនមានការងារធ្វើ នាំគ្នាសម្រុកមកកម្ពុជាវិញ ។
សម្ដេចក្រឡោហោមបញ្ជាក់ថា បើសិនភូមិណាមួយ មានពលករខ្មែរឆ្លងកូវីដ១៩ ចាប់ពី ២ទៅ៣នាក់ ភូមិនោះអាចនឹងបិទមួយរយៈពេលសិន ដើម្បីមានវិធានការដោះស្រាយបន្ដ ជាពិសេស ធ្វើយ៉ាងណាការពារកុំឲ្យរីករាលដាល ទៅភូមិដទៃទៀត ។
សម្ដេចគូសបញ្ជាក់ថា «បើសិនមានកន្លែងណាមួយកើតឡើងគឺថា ឃុំមួយផ្ទះហ្នឹង ឬថា ឃុំមួយកំណាត់ភូមិហ្នឹង ឧទាហរណ៍ថា ភូមិដាច់ដោយឡែកពីគ្នា ៤ទៅ៥ផ្ទះ អ៊ីចឹងទៅ។ យើងអាចឃុំកន្លែងហ្នឹង កុំឲ្យគាត់ចេញទៅណា ហើយបើថា ភូមិហ្នឹងជាប់គ្នា ហើយមានច្រើននាក់ ២ទៅ៣នាក់ អ៊ីចឹងទៅ គឺថា ឃុំ ទាំងភូមិហ្នឹងតែម្តង ប៉ុន្មានភូមិហ្នឹង» ។
សូមរំលឹកថា គិតត្រឹមយប់ថ្ងៃទី២៣ មីនា ក្រសួងសុខាភិបាលកម្ពុជា រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៨៧នាក់ (ស្រី ២២នាក់ ប្រុស៦៥នាក់) ក្នុងនោះមានជនជាតិចិនម្នាក់ (នៅខេត្តព្រះសីហនុ ជាសះស្បើយ) អង់គ្លេស ៣នាក់ (ក្នុងនេះមានម្នាក់ជាសះស្បើយ) កាណាដាម្នាក់ ប៊ែលហ្សិកម្នាក់ បារាំង ៣៤នាក់ (ក្នុងនេះមានកូនប្រុសបង្កើតអាយុ ៤ខែ) ម៉ាឡេស៊ី ១២នាក់ និងខ្មែរ ៣៥នាក់ ៕