ភ្នំពេញ៖ ដោយសារស្ថានភាពរីករាលដាលនៃវីរុសកូវីត-១៩ បានបង្ខំអោយពលករខ្មែរ ដែលធ្វើការនៅខេត្តចាន់បុរី ប្រទេសថៃប្រមាណជាង ២០០នាក់ វិលត្រឡប់មកកាន់ ស្រុកកំណើតវិញ តាមព្រំដែនក្នុងភូមិសាស្ត្រ ខេត្តប៉ៃលិន គ្រាច្រកទ្វារព្រំដែន អន្តរជាតិព្រំ ខេត្តប៉ៃលិន បានបិទមិនឱ្យ ចេញចូលទៅមក។ នេះបើយោងតាម ក្រសួងមហាផ្ទៃ។
បើតាមការរៀបរាប់ របស់ពលករខ្មែរ ដែលឆ្លងដែន មកកាលពីថ្ងៃទី២៣ ខែមិនា ឆ្នាំ២០២០ បានឱ្យដឹងឡើងថា នៅក្នុងប្រទេសថៃ ពួកគាត់មានការព្រួយបារម្ភ ជាខ្លាំង ចំពោះជម្ងឺកូវីត-១៩ ផង រួមទាំងអត់ការងារធ្វើផងនោះ បានបង្ខំ អោយពួកគាត់ សម្រេចចិត្តវិលត្រឡប់ មកកាន់ស្រុកកំណើតវិញ ហើយដោយច្រកទ្វារ ព្រំដែនត្រូវបានបិទ ដូច្នេះពួកគាត់ខ្លះក៍ ត្រូវបង្ខំចិត្ត ឆ្លងព្រំដែន តាមអូរ តាមព្រៃ ដែលប្រឈមនឹងគ្រោះថ្នាក់ដោយសារគ្រាប់មីន ហើយជាក់ ស្តែង នៅថ្ងៃនេះ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន ក៍បានជួបពិភាគ្សាជាមួយភាគីថៃ ដោយ អនុញ្ញាត ឱ្យពលករប្រមាណជាង ១០០នាក់ ទើបបើកច្រកឱ្យចេញម្តង ដើម្បីវិលត្រឡប់ទៅកាន់ស្រុកកំណើតរៀងៗខ្លួនវិញ។

បើតាមការបញ្ជាក់ របស់លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានឱ្យដឹងថា ពលករខ្មែរដែលឆ្លងដែនត្រលប់មកវិញនេះ អាជ្ញាធរមិនបានអនុវត្តន៍ដាក់ អោយនៅដាច់ឡែកនោះទេ ដោយគ្រាន់តែ កំណត់អត្តសញ្ញាណ ពិនិត្យឆែកកំដៅ ពិនិត្យសុខភាពយ៉ាងតឹងរឹង និងលាងសំអាតដៃ ដងខ្លួនដោយសារធាតុ សម្លាប់មេរោគរួច ហើយអនុញ្ញាតអោយពួកគាត់ វិលត្រឡប់ទៅកាន់ លំនៅដ្ឋានរៀងៗខ្លួនវិញ ។
នៅក្នុងឱកាសនោះផងដែរ នាយឧត្តមសេនីយ៍ អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្ត និងលោកជំទាវ បាន ស្រីមុំ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន បានដឹកនាំក្រុមការងារ និង យុវជន សសយក, យុវជន កាកបាទក្រហម ចូលរួមសហការជាមួយអាជ្ញាធរខេត្ត និងមន្ត្រីចត្តាឡីស័ក ធ្វើការកំណត់អត្តសញ្ញាណ ពិនិត្យឆែកកំដៅ និងលាងសំអាតដៃ ជូនពលករដែលត្រលប់មកពីប្រទេសថៃ។

សូមបញ្ជាក់ថា ពលករកម្ពុជា ដែលសម្រុកឆ្លងព្រំដែន មកពីប្រទេសថៃ ក្នុងភូមិសាស្ត្រខេត្តប៉ៃលិន គិតចាប់តាមពីម៉ោង ០៨និង៣០នាទី ព្រឹកថ្ងៃទី២៣ ខែមីនា រហូតដល់ម៉ោង ១៤រសៀល គឺមានចំនួនសរុប ២២០នាក់ ស្រី១០៣នាក់ ក្នុងនោះមានកុមារ ចំនួន ២៥នាក់ផងដែរ ៕