សម្ដេច ទៀ បាញ់ អំពាវនាវឲ្យពលរដ្ឋ និងកងទ័ពទាំងអស់ ចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ជាមួយរាជរដ្ឋាភិបាល

0

ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអំពាវនាវឲ្យប្រជាពលរដ្ឋ និងបងប្អូនកងទ័ពទាំងអស់ បន្តចូលរួមឲ្យអស់ពីកម្លាំងកាយចិត្ត ប្រយុទ្ធប្រឆាំងនឹងការរីករាលដាល នៃជំងឺកូវីដ១៩ ជាមួយរាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ។

ការអំពាវនាវរបស់ សម្ដេចពិជ័យសេនាធ្វើឡើង ស្របពេលដែលពិភពលោក កំពុងតែមានការព្រួយបារម្ភ ចំពោះការរីករាលដាលជាសកល នៃជំងឺកូវីដ១៩ និងក្នុងកាលៈទេសៈដែលកម្ពុជា កំពុងតែរួបរួមសាមគ្គីគ្នា ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩នេះ ។

សម្ដេចពិជ័យសេនា បានសរសេរលើបណ្ដាញសង្គម ហ្វេសប៊ុក នៅថ្ងៃទី២៤ មីនានេះថា «សូមបងប្អូនកងទ័ព និងប្រជាពលរដ្ឋទាំងអស់ បន្តចូលរួមគាំទ្រឲ្យអស់ពីកម្លាំងកាយចិត្ត ដល់រាជរដ្ឋាភិបាលរបស់យើង ដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងជាមួយនឹងមេរោគ COVID-19 នេះ» ។

សូមរំលឹកថា គិតត្រឹមយប់ថ្ងៃទី២៣ មីនា ក្រសួងសុខាភិបាលកម្ពុជា រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៨៧នាក់ (ស្រី ២២នាក់ ប្រុស៦៥នាក់) ក្នុងនោះមានជនជាតិចិនម្នាក់ (នៅខេត្តព្រះសីហនុ ជាសះស្បើយ) អង់គ្លេស ៣នាក់ (ក្នុងនេះមានម្នាក់ជាសះស្បើយ) កាណាដាម្នាក់ ប៊ែលហ្សិកម្នាក់ បារាំង ៣៤នាក់ (ក្នុងនេះមានកូនប្រុសបង្កើតអាយុ ៤ខែ) ម៉ាឡេស៊ី ១២នាក់ និងខ្មែរ ៣៥នាក់ ៕