អភិបាល រាជធានី-ខេត្តត្រូវរៀបចំម៉ូតូ-ឡាន ចល័តផ្សព្វផ្សាយវិធានទប់ស្កាត់ការរីករាលដាលវីរុស Covid-19

0

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានស្នើឲ្យ អភិបាល រាជធានី-ខេត្ត ទាំងអស់ត្រូវរៀបចំ ម៉ូតូ-ឡានចល័ត ដើម្បីចូលរួមផ្សព្វផ្សាយវិធានការទប់ស្កាត់ ការរីករាលដាលវីរុស Covid-19។
នៅក្នុងពិធី ជួបសំណេះសំណាលជាមួយ មន្ត្រីនគរបាលអន្តោប្រវេសន៍ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ (ច្រកស៊ីវិល)នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ សម្ដេចក្រឡាហោម ស ខេងបានថ្លែងថា ឥឡូវនេះក្រសួងបានកំពុងរៀបចំ នូវការផ្សព្វផ្សាយ ឲ្យមានការការពារ របស់ប្រជាពលរដ្ឋ “ការជាម្ចាស់ការ ការពារជីវិតខ្លួនឯង” គឺជាវិធានការគន្លឹះ មួយធំបំផុត។

សម្ដេចបន្តថា ក្រសួងកំពុងរៀបចំ ថតនូវឃ្លីបសារខ្លីៗ ច្បាស់ៗ ហើយយកទៅតាមចាក់ផ្សាយ តាមម៉ូតូឬឡានចល័ត ពីភូមិមួយទៅភូមិមួយ ទៅដល់អាចជំរាបជូនគាត់ ឲ្យគាត់ជួបជុំហើយចាក់សារជាសម្លេងនឹង អោយគាត់ស្ដាប់ មួយដងឬពីរដង ទាល់តែពួកគាត់បានយល់ ទើបបន្តទៅកាន់ ភូមិមួយទៀត។

រដ្ឋមន្រ្តីមហាផ្ទៃបញ្ជាក់ថា “ហើយចំណុចនេះខ្ញុំស្នើថា ឯកឧត្ដមអភិបាលរាជធានី-ខេត្ត និងក្រុមការងារ រៀបចំ។ខាងក្រូសួងរៀបចំជាសារ ឯក្រុមការងារនិងរដ្ឋបាលនៅនឹងកន្លែងត្រូវរៀបចំមធ្យោបាយ (ឧបករណ៍ មេក្រូ ម៉ូតូឬឡាន—-“។

ការចាត់វិធានការបែបនេះ ក្រោយពីសម្ដេច សង្កេតឃើញថា ប៉ុន្មានថ្ងៃនេះ បងប្អូនពលករ បានសម្រុកចេញ មកពីប្រទេសថៃ ជាគំហុក ដោយមិនអាចគ្រប់គ្រង ត្រួតពិនិត្យឲ្យបានដិតដល់នោះទេ ៕