សម្ដេច ស ខេង ថា ជីវិតមនុស្សគឺសំខាន់ ជាងអ្វីៗទាំងអស់ (Video)

0

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា បើទោះជាវិធានការមួយចំនួនបានធ្វើឱ្យ ប៉ះពាល់ដល់វិស័យសេដ្ឋកិច្ច ប៉ះពាល់ទៅដល់ជីវភាពសង្គមក៏ដោយ ក៏យើងត្រូវតែធ្វើ ដើម្បីជំនះនូវជំងឺកូវីដ១៩នេះ ពីព្រោះថា ជីវិតមនុស្សគឺសំខាន់ ជាងអ្វីទាំងអស់ ។

សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍យ៉ាងដូច្នេះ ក្នុងឱកាសអញ្ជើញ ជួបសំណេះសំណាល ជាមួយ មន្ត្រីអន្តោរប្រវេសន៍ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០។

សម្តេចក្រឡាហោម មានប្រសាសន៍បន្តថា វិធានការទាំងឡាយ ដែលប៉ះពាល់ដល់កំណើនសេដ្ឋកិច្ច ប៉ះពាល់ដល់ជីវភាពសង្គម ឧទាហរណ៍ដូចជា ការបិទការជួបជុំធ្វើពិធីបុណ្យសាសនានានា ការជួបជុំដើម្បីជប់លៀង កិច្ចប្រជុំដែលមានគ្នាច្រើន លើសពី៥០នាក់ ឬក៏ការរៀបអាពាហ៍ពិពាហ៍ ខារ៉ាអូខេ ក្លឹបកំសាន្តជាដើម ។

ក្នុងឱកាសនោះ សម្តេចក្រឡាហោម ក៏បានផ្តល់ភារ កិច្ចចំនួន ៣ដល់មន្ត្រីអន្តោប្រវេស៍ ភារកិច្ចទី១ត្រូវធ្វើការប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈភារកិច្ច និងការពារសន្តិសុខ កុំឱ្យមានជនឱកាសនិយម ទី២ត្រូវប្រយុទ្ធជំងឺកូវីដ សង្គ្រាមកូវីដ រួមចំណែកដើម្បីការពារ អាយុជីវិតប្រជាពលរដ្ឋទូទៅ រួមចំណែកការពារសង្គម តាមរយៈការខិត ខំប្រឹងប្រែងសហការ ជាមួយ ចត្តាឡីស័ក ត្រួតពិនិត្យសុខភាព របស់អ្នកធ្វើដំណើរ ភារកិច្ចទី៣ត្រូវការពារខ្លួនឯង ដោយរក្សាអនាម័យ ដោយស្តាប់តាមការណែនាំ របស់ក្រសួងសុខាភិបាល ។

ជាមួយគ្នានេះ សម្តេចបាន បង្ហាញការសង្ឃឹមជឿជាក់ថាមន្ត្រី ថ្នាក់ដឹកនាំ បុគ្គលិកបំរើការងារ រួមសាមគ្គីគ្នា ក្នុងការបំពេញការងារទប់ស្កាត់ ជំងឺកូវីដ១៩ នេះផង ក៏ដូចជាជួយជំរុញដល់វិស័យសេដ្ឋកិច្ច សង្គមរបស់យើងថែមទៀតផង ៕