គ្មានឡើយការបិទរាជធានីភ្នំពេញ ខណៈអាជ្ញាធរកំពុងតាមប្រមាញ់អ្នកបំប៉ោងព័ត៌មាន

0

ភ្នំពេញ៖គ្មានឡើយការបិទរាជធានីភ្នំពេញ  ហើយពេលនេះសមត្ថកិច្ចកំពុងស្វែងរកម្ចាស់សំឡេង  ដែលបានបំប៉ោងព័ត៌មានមិនពិត  ទាក់ទងការចោទប្រកាន់ថាអាជ្ញាធរគ្រោង បិទរាជធានីភ្នំពេញ  ។

នេះបើតាមការបញ្ជាក់ពីលោក  ម៉េត  មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បន្ទាប់ពីមានការចែកចាយជាសំឡេងទាក់ទង  និងបញ្ហាខាងលេីក្នុងបណ្តាញសង្គមនានា  ។

លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានច្រានចោលការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ តាមបណ្ដាញសង្គមមួយចំនួន ដែលប្រឌិតថា អាជ្ញាធរនឹងបិទរាជធានីភ្នំពេញ ដើម្បីបង្ការ និងការពារការរីករាលដាលជំងឺកូវីដ១៩។

លោកបានបញ្ជាក់យ៉ាងដូច្នេះថា៖ «ព័ត៌មានដែលថា នឹងបិទភ្នំពេញ ជាព័ត៌មានក្លែងក្លាយសុទ្ធសាធ។ សូមបងប្អូនមេត្តាកុំជឿ និងកុំ forward សារសំឡេងនេះបន្តទៀត នាំមានការយល់ច្រឡំ»។

ជាមួយនឹងការប្រកាសបដិសេធលើព័ត៌មាននេះ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានអះអាងដែរថា អាជ្ញាធរកំពុងស្រាវជ្រាវស្វែងរកម្ចាស់សំឡេង ដែលថតជាសារនេះ ដើម្បីចាត់វិធានការតាមច្បាប់ ។ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យជួយផ្ដល់ព័ត៌មាន ដើម្បីឈានទៅរកម្ចាស់សំឡេងនោះ ដោយអាជ្ញាធរនឹងមានរង្វាន់លើកទឹកចិត្ត។

សូមបញ្ជាក់ថា ចាប់តាំងពីមានការផ្ទុះរីករាលដាលជំងឺកូវីដ១៩ ជនអនាមិកមួយចំនួន បានព្យាយាមផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ តាមបណ្ដាញសង្គមដើម្បីបង្កឲ្យមានការចលាចល និងបង្កឲ្យមានការភ័យខ្លាចដល់ប្រជាពលរដ្ឋ៕