ភ្នំពេញ៖ នៅម៉ោង ៩ព្រឹក ថ្ងៃទី២៤ មីនាស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីចុះហត្ថលេខាលើ លិខិតប្តូរសារស្តីពីការផ្តល់ជំនួយ អភិវឌ្ឍន៍ផ្លូវការជប៉ុន ដែលមានទឹកប្រាក់សរុបចំនួន ៣៤.១៣៨លានយ៉េន (ប្រមាណ ៣១០លានដុល្លារ) ជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី២៣ មីនានេះ បានឲ្យដឹងថា លិខិតប្តូរសារនឹងត្រូវចុះហត្ថលេខានេះ ដោយលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា ។
ជំនួយឥតសំណងនេះ នឹងគ្របដណ្តប់លើការអនុវត្តគម្រោង ហិរញ្ញប្បទានឥតសំណងចំនួន ៣គម្រោង និងឥណទានសម្បទាន ចំនួន២គម្រោង ដូចខាងក្រោម៖
១.ហិរញ្ញប្បទានឥតសំណង សម្រាប់អនុវត្ត៖
-គម្រោងការពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតក្នុងក្រុងតាខ្មៅ ដែលមានទឹកប្រាក់ចំនួន ៣.៤២១លានយ៉េន (ប្រមាណ ៣១លានដុល្លារអាមេរិក)
-គម្រោងសមាហរណកម្មការបោសសម្អាតមីន និងសង្គ្រោះជនពិការដោយសារមីនដែលមានទឹកប្រាក់ចំនួន១.០០០លានយ៉េន (ប្រមាណ៩លានដុល្លារអាមេរិក)
-គម្រោងកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គម ដែលមានទឹកប្រាក់ចំនួន៣០០លានយ៉េន (ប្រមាណ២,៧លានដុល្លារអាមេរិក) ។
២.ឥណទានសម្បទាន សម្រាប់អនុវត្ត៖
-គម្រោងធ្វើឱ្យប្រសើរនូវផ្លូវជាតិលេខ៥ ដំណាក់កាលទី២ (ធ្លាម្អម-បាត់ដំបង និង សិរីសោភ័ណ្ឌ-ប៉ោយប៉ែត) ដែលមានទឹកប្រាក់ ១៧.៧០២ លានយ៉េន (ប្រមាណ១៦១លានដុល្លារអាមេរិក)។
-គម្រោងធ្វើឱ្យប្រសើរនូវផ្លូវជាតិលេខ៥ ដំណាក់កាលទី៣ (ព្រែកក្តាម-ធ្លាម្អម) ដែលមានទឹកប្រាក់ ១១.៧១៥លានយ៉េន (ប្រមាណ១០៦,៥ លានដុល្លារអាមេរិក)។
ហិរញ្ញប្បទានឥតសំណង និងឥណទានសម្បទាន ដែលផ្តល់ដោយរដ្ឋាភិបាលជប៉ុននេះ នឹងជួយលើកកម្ពស់បន្ថែមទៀត នូវការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៃព្រះរាជាណាចក្រកម្ពុជា ហើយព្រមទាំងពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រជាជាតិទាំងពីរផងដែរ ៕